(ប៉ារីស)៖ លោក លុយ ដាវីត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសបារាំង និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំអង្គមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាមហាជ័យជម្នះ៧មករា។

កម្មវិធីនេះក៏មានការចូលរួមជាកិត្តិយស ដោយលោក ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់អ៉ីលដឺហ្វ្រង់ (Ile de France) រួមទាំងមន្រ្តីស្ថានទូត និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនប្រចាំតំបន់អ៊ីលដឺហ្វ្រង់សរុបប្រមាណ១៥០នាក់ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ទន្ទឹមនឹងនេះ សមាជិក-សមាជិកានៅតាមតំបន់ទាំងអស់ប្រចាំប្រទេសបារាំង រួមមាន៖ សាខាលីល សាខាភូមិភាគឦសាន សាខាលីយ៉ុង សាខាទូលូស ក៏បានរួបរួមគ្នារៀបចំពិធីជួបជុំអបអរសាទរទិវាមហាជ័យជម្នះ ៧មករានេះផងដែរ។

ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេស និងនៅគ្រប់ទីកន្លែងទាំងអស់លើសកលលោក ចងចាំជានិច្ចនូវគុណូបការៈរបស់យុវជន យុវនារីខ្មែរ ដែលបានពលី និងបូជាជីវិត ដើម្បីរំដោះប្រជាជនកម្ពុជា និងសង្គ្រោះជាតិខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពល ដ៏កាចសាហាវ៕