(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ថ្លែងក្នុងអង្គពិធីទាំងមូល លោកបណ្ឌិត អ៊ាង សុផល្លែត បានអានទាំងស្រុងនូវសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា៖ «ជោគជ័យ និងការសប្បាយរីករាយ របស់ប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺពិតជាផ្តើមចេញ ពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗ ដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការ របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិ ប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើង បានឈានឡើងពីជ័យជម្នះមួយ ទៅកាន់ជ័យជម្នះមួយទៀត ឥតឈប់ឈរ»។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍នៅថ្ងៃនេះ លោកវរសេនីយ៍ទោ វង្ស សុភី តំណាងយុវជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញពីការចងចាំជានិច្ច នូវថ្ងៃជ័យជម្នះ ៧មករា ដែលបានសង្រ្គោះ ជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ឱ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់ នៅជួបជុំក្រុមគ្រួសារឡើងវិញដោយគ្មានការភ័យខ្លាចទទួលបាននូវសិទ្ធសេរី គ្រប់បែបយ៉ាងនិងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន៕