(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានលះបង់គ្រប់បែបយ៉ាងជួយដល់ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយប្រជាពលរដ្ឋពីរបបប៉ុលពតដ៏ខ្មៅងងឹត យង់ឃ្នង ដែលមានអាយុកាល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

លោកស្រី ឃួន ឃុនឌី បានថ្លែងដូចនេះ នៅក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤៥នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩- ០៧.០១.២០២៤) ស្ថិតនៅវត្តទាមចាស់ ភូមិទាមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានលះបង់គ្រប់បែបយ៉ាងជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពីរបបប៉ុលពតដ៏ខ្មៅងងឹត យង់ឃ្នងដែលមានអាយុកាល ៣ឆ្នាំ ៨ ខែនិង ២០ ថ្ងៃ ដែលកាលនោះសម្ដេចតេជោ ហ៊ុន សែន បានភៀសខ្លួនទៅប្រទេសវៀតណាម ហើយបានបង្កើតកម្លាំងទ័ពដោយរួមជាមួយកងទ័ពស្ម័គ្រចិត្តប្រជាជនវៀតណាមបានចូលមករំដោះប្រជាជនកម្ពុជា បានចេញពីក្រញាំដៃ ពួកក្បត់ទាំងនេះ ហើយទោះបីជាមកដល់ពេលនេះមានរយៈពេល ៤៥ឆ្នាំ ក្តីប៉ុន្តែយើងនៅតែមិនបំភ្លេចបាននូវវីរភាពដ៏អង់អាចក្លាហានរបស់សម្ដេចតេជោ និងឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។

លោកស្រីបន្តថា ប្រទេសជាតិដែលមានការអភិវឌ្ឍរីកចម្រើន រស់នៅដោយសុខដុមរមនាមកដល់សព្វថ្ងៃនេះ គឺដោយសារតែការលះបង់គ្រប់បែបយ៉ាងដើម្បីការពារនៅសុខសន្តិភាពនេះឯង ដូច្នេះហើយសូម បងប្អូន ពុកមីងលោកយាយលោកតាក្មួយៗសិក្សានុសិស្សទាំងអស់ ត្រូវតែរួបរួមគ្នាថែរក្សានៅសន្តិភាពមួយនេះឲ្យបានជាដាច់ខាត ដើម្បីកុំឲ្យពួកជ្រុលនិយមមួយក្តាប់តូចមកបំភ្លៃប្រវត្តិសាស្ត្រមួយនេះ ជាពិសេសភូមិឃុំមានសុវត្ថិភាពត្រូវតែតាមដានប្រចាំរាល់សកម្មភាពមួយណារាល់សកម្មភាពមួយណាដែលធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាពរបស់យើងត្រូវរាយការណ៍ជាបន្ទាន់។

លោកស្រីបានបន្តទៀតថា បើយើងភ្លេចក្រនោះ ក្រនិងតាមទាន់យើងបើយើងភ្លេចសង្គ្រាមនោះសង្គ្រាមនិងមករកយើង ដូចបងប្អូនឃើញស្រាប់ហើយរវាងរុស្ស៉ី និងមួយក្រែន រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ថាតើប្រទេសទាំងនេះមានសុខសន្តិភាពហើយឬនៅ ? ដូចនេះតម្លៃនៃសុខសន្តិភាពយើងត្រូវការពារឲ្យបានជាដាច់ខាត! យើងត្រូវចងចាំថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់យើង មានថ្ងៃ៧មករា គឺយើងមានអ្វីៗទាំងអស់ហើយមិនតែប៉ុណ្ណោះនយោបាយគណបក្សប្រជាជនកម្ពុជាដាក់ចេញនៅគោលនយោបាយ រក្សាចាស់បង្កើនថ្មី ដូច្នេះប្អូនៗដែលគ្រប់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះជាសមាជិកគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សានៅសុខសន្តិភាពនិងការអភិវឌ្ឍឱ្យបានស្ថិតស្ថេរយូរអង្វែង។

នៅចុងបញ្ចប់លោកស្រី ឃួន ឃុនឌី បានសំណូមពរដល់ពុកម៉ែបងប្អូនពូមីងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឲ្យប្អូនៗដែលជាយុវជនបន្តវេនត្រូវខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ដើម្បីទទួលបាននូវការងារល្អ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាយុវជនគំរូ ជាសិស្សល្អ ជាកូនល្អ ដើម្បីជួយដល់គ្រួសារនិងសង្គមជាតិ៕