(ភ្នំពេញ)៖ តំណាងឱ្យក្រុមការងាររៀបចំកម្មវិធីសំណេរអង្គរ លោក លីម ប៊ុនហុក បានអំពាវនាវស្វែងរកជំនួយថវិកាបន្ថែមពីសប្បុរសជន អ្នកមានធនធាន អ្នកស្រឡាញ់អក្សរសាស្ត្រខ្មែរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ដើម្បីយកមកប្រើប្រាស់ក្នុងការចំណាយរៀបចំកម្មវិធីសំណេរអង្គរ ខណៈដំណើរការកម្មវិធីនឹងខិតមកដល់នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះហើយ។

កម្មវិធីសំណេរអង្គរ ជាការប្រកួតសរសេរតាមអានអក្សរខ្មែរ ដែលទទួលបានការចុះឈ្មោះចូលរួមប្រកួតពីសំណាក់បេក្ខជនចំនួន៨១៥នាក់ ដើម្បីត្រៀមចូលរួមប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

លោក លីម ប៊ុនហុក បានឱ្យដឹងថា «មកដល់ពេលនេះ កម្មវិធីយើងនៅខ្វះថវិកាឧបត្ថម្ភគ្រូកំណែ គណៈកម្មការដែលធ្វើដំណើរពីភ្នំពេញ ម្យ៉ាងទៀតថវិកាបោះអាវយឺតក៏នៅមិនទាន់គ្រប់នឹងចំនួនអ្នកចូលរួមប្រកួន និងអ្នកចូលរួមរៀបចំកម្មវិធីផងដែរ»

ដូច្នេះលោក លីម ប៊ុនហុក ក៏បានអំពាវនាវដល់សប្បុរសជននានា សូមជួយចូលរួមឧបត្ថម្ភថវិកាបន្ថែមសម្រាប់ប្រើប្រាស់ក្នុងកិច្ចការទាំងនេះ ព្រោះជាសកម្មភាពជួយសង្គមកម្ពុជាទាំងអស់គ្នា ពិសេសក្នុងវិស័យអក្សរសាស្ត្រជាតិ។

គួរជម្រាបថា គិតត្រឹមម៉ោង១២៖០០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដែលជាការបិទបញ្ចប់ការចុះឈ្មោះចុងក្រោយ ចំនួនអ្នកចុះឈ្មោះចូលរួមប្រកួតអាចមានដល់៨១៥នាក់៕