(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ រួមជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស រួមជាមួយក្រុមការងារជិត១ពាន់នាក់ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាមហាជ័យជំន្នះ ៧មករា ឆ្នាំ១៩៧៩ - ៧មករា ឆ្នាំ២០២៤  ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះលោក សោម ស៊ុន បានឡើងអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំន្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី ៤៥ឆ្នាំ នៃទិវាជ័យជំន្នះ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុលពត អៀង សារី ខៀវ សំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញ ទាន់ពេលវេលា រួចផុតពីទារុណកម្មនិងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

ទិវាខួបលើកទី៤៥ ឆ្នាំនេះ ដើម្បីរំលឹក និងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹង ធ្វើពលកម្ម យ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបាន។

នាឱកាសនោះលោក សោម ស៊ុន បានគូសរំលេចនូវខ្លឹមសារសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។

លោកស្រី ស៊ន ពិសៀង តំណាងឲ្យអង្គមីទ្ទីងទាំងមូល បានឡើងធ្វើចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាការពាររក្សាឲ្យបាន សុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។ 

នៅក្នុងឱកាសនេះដែរ លោក សោម ស៊ុន បានឧបត្ថម្ភសៀវភៅសរសេរចំនួន ២០០ក្បាល និងប៊ិចសរសេរចំនួន២០០ដើម ជូនក្មួយៗសិស្សានុសិស្សចំនួន ២០០នាក់ ដែលបានចូលរួមក្នុងកម្មវីធីនេះផងដែរផងដែរ៕