(កំពង់ធំ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងបញ្ជាក់ថា ថ្ងៃ៧មករា បានរំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋក្រោមរបបដ៏យង់ឃ្នងពួកខ្មែរក្រហម ប៉ុល ពត។ ជ័យជម្នះ៧មករា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់ឡើងវិញ ហើយក៏ជាថ្ងៃកំណើតទី២ របស់យើង ដូចនេះត្រូវចងចាំជានិច្ច ព្រមទាំងអរគុណសន្តិភាព ដែលឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

លោក សួស យ៉ារ៉ា បានថ្លែងយ៉ាងដូនេះនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) ក្នុងឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពី សមាជិក សមាជិកា  ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណ៧០០នាក់។

លោក សួស យ៉ារ៉ា បានថ្លែងទៀតថា ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា នៅឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរ លើគ្រប់វិស័យ ហើយកំពុងបន្តអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

គួររំលឹកដែរថា កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ៕