(ព្រះវិហារ)៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ថ្ងៃជ័យជម្នះ៧មករា បានមកដោយយកអាយុជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប ដើម្បីប្តូរយកសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

លោក ហូ សិទ្ធីគុណ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសតំណាងលោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រីទទួកបន្ទុកនាយកខុទ្ទកាល័យសម្តេចមហាបវរធិបតី ដឹកនាំក្រុមការងារចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះថ្ងៃ៧មករា។

នាឱកាសនោះ លោក ហូ សិទ្ធីគុណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ចំណុះវរសេនាតូច៣៨៥ទាំងអស់ ក្នុងតួនាទីការពារបូរណៈភាពទឹកដី មាតុភូមិ ឈរជើងការពារព្រំដែន តំបន់ប្រាសាទព្រះវិហារ។

លោក ហូ សិទ្ធីគុណ បានថ្លែងជំរាបជូននាយទាហាន នាយទាហារង និងពលទាហានទាំងអស់ថា រយៈពេល១២ឆ្នាំកន្លងទៅនេះ គ្រប់អង្គភាព កងកម្លាំងនៅជួរមុខ សុទ្ធតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ពិសេសខុទ្ទកាល័យសម្តេចមហាបវរធិបតី បានមកទីនេះជាច្រើនដងមួយឆ្នាំ៣ដង គឺមុនថ្ងៃ៧មករា ថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយនឹងបន្តក្រោមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីឱ្យទាំងអស់គ្នានៅរួមសុខទុក្ខ រួមគិត យកចិត្តទុកដាក់ ជាមួយវរសេនាតូច៣៨៥នេះ និងជាមួយកងកម្លាំងនៅជួរមុខមិនអាក់ខានឡើយតាមរយៈអង្គភាព ដែលចងសម្ព័ន្ធមេត្រីភាពផ្សេងៗផងដែរ។

ថ្ងៃនេះជាថ្ងៃដ៏សំខាន់របស់ជនរួមជាតិ ជាខួបលើកទី៤៥ នៃទិវាជ័យជម្នះថ្ងៃ៧មករា ទោះយើងមិនបានឆ្លងកាត់នូវជំនាន់នោះក៏ពិតមែន តែបានស្វែងយល់នូវការឈឺចាប់តាមឥទ្ធិពលដែលនៅសេសសល់រហូតសង្រ្គាម ត្រូវបានបញ្ចប់ក្នុងអំឡុងឆ្នាំ១៩៩០ ហើយបានរំលឹករឿងប្រវត្តិបែកបាក់ផ្ទៃក្នុង ដែលឈានដល់អំពើប្រល័យពូជសាសន៍ សង្គ្រាមបានបង្កភាពហិនហោចនិងបែកបាក់ក្រុមគ្រួសារ ញាតិមិត្ត និយាយរួមយើងទាំងអស់គ្នាក៏បានបាត់បង់សមាជិកគ្រួសារផងដែរ។

លោកបន្តថា ទាំងអស់នេះហើយធ្វើឱ្យលោកគោរពដឹងគុណដល់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលលោកបានយកជីវិតធ្វើជាដើមទុន ក៏ដូចជាកងកម្លាំងបានលះបង់អ្វីៗសូម្បីជីវិត ដើម្បីសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋឱ្យរួចពីទុក្ខធំធេងនេះ និងដើម្បីប្តូរយកសុខសន្តិភាព និងភាពសុខសាន្តរីកចម្រើនដូចមានបានសព្វថ្ងៃ ដូច្នេះការរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានាថ្ងៃនេះ ជាពេលមួយដែលយើងទាំងអស់គ្នា ត្រូវចូលរួមសប្បាយអបអរ និងដើម្បីបន្តចូលរួមការពារសន្តិភាពឱ្យនៅស្ថិតស្ថេរតទៅមុខទៀត។

ជាមួយគ្ននោះ លោក ហូ សិទ្ធីគុណ បានថ្លែងអំណរគុណលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ, លោក ប៉ែន រដ្ឋា តំណាងអ្នកឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងភូមិវប្បធម៍សៀមរាប, លោក វ៉ាន់ឆារស៌ ជួន លោកស្រី ឆេង សុផារី និងស្វាមុី, លោក នឹម វិរៈ និងលោកស្រី, លោកស្រី មាស វិចិត្រ និងក្រុមគ្រួសារ, លោកស្រី គង់ ម៉ារីយ៏ និងស្វាមី រួមទាំងក្រុមគ្រួសារ, លោក សុិន សូផានណាក់ លោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចធិបតី ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេសប្រតិភូគ្រប់រូបដែលបានចូលរួមដំណើរយ៉ាងកក់ក្តៅផងដែរ។

សូមបញ្ជាក់ដែរថា អំណោយរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកចែកជូននៅពេលនេះរួមមាន ជូនអង្គភាពវរេសនាតូចលេខ៣៨៥ដើម្បីកសាង ថវិកា ៥,០០០ដុល្លា ជូននាយ និងពលទាហាន ៣០០ នាក់ ក្នុងម្នាក់ថវិកាចំនួន១៦០,០០០រៀល, ថ្នាំពេទ្យ១៣ប្រភេទ, ក្រម៉ា១០០ សារ៉ុង២០០ ទឹកសុទ្ធ១០០កេស ស្រាបៀរ ១០០កេស ភួយ៥០ អាវរងា ព្រមទាំងបានបន្តចុះពិនិត្យសួនបន្លែ និងបានពិសាអារហារសាមគ្គី រាំកំសាន្តយ៉ាងសប្បាយស្និទ្ធស្នាលផងដែរ៕