(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឧត្តមសេនីយ៍ឯក សុន គឹមស៊ន អគ្គនាយករង នៃនាយកដ្ឋានសម្ភារៈបច្ចេកទេស តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុន អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយអំពីច្បាប់ អនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឧត្តមសេនីយ៍ឯក ហេង ធូ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឧត្តមសេនីយ៍ឯក សុន គឹមស៊ន តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុន ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញមកផ្សព្វផ្សាយ ច្បាប់អនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដល់កងកម្លាំងមួកខៀវកម្ពុជានាថ្ងៃនេះ។

ឧត្តមសេនីយ៍ឯក សង្ឃឹមថា នាយទាហាន នាយទាហានរង និងសិក្ខាម ទាំង១៧៣នាក់ ដែលបានចូលរួមក្នុងពិធីនៅថ្ងៃនេះ នឹងនាំយកចំណេះទាំងអស់ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយៗទៀត។

ទន្ទឹមនោះ ឧត្តមសេនីយ៍ឯក សុន គឹមស៊ន ក៏បានបង្ហាញសេចក្តីរីករាយដែលបានអញ្ជើញមកផ្សព្វផ្សាយចំណេះដឹងដ៏មានសារៈសំខាន់នេះ ដល់កងកម្លាំងមួកខៀវកម្ពុជា។ លោកបានលើកឡើងថា សិក្ខាសាលានេះនឹងបញ្រ្ជាបនូវចំណេះដឹងដល់សិក្ខាកាមឱ្យយល់ដឹងអំពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងកងយោធពលខេមភូមិន្ទ និងទប់ស្កាត់រាល់បទល្មើស នៃការប្រើប្រាស់អាវុធ ខុសច្បាប់ ក្នុងកងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ជាញជ័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋម​ន្ត្រី និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ប្រធានគណៈកម្មាធិការជាតិ រួមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ និងកម្លាំងមហាសាមគ្គីមកពីបណ្តាស្ថាប័នរដ្ឋ និងអង្គភាពនៃកងយោធពលខេមរភូមិន្ទនានា កម្ពុជាបានបញ្ជូលកងកម្លាំងមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ សរុបចំនួន ៩២៨១នាក់ ក្នុងនោះមាននារីចំនួន ៧៦៣នាក់ ទៅកាន់១២បេសកកម្ម ក្នុងប្រទេសចំនួន១០ ដូចជា៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស ស៊ីរី យេមែន និងសាធារណរដ្ឋកុងហ្គោ៕