(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសហព័ន្ឋអាល្លឺម៉ង់ដឹកនាំដោយ លោក Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ និងសហការី ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែលបានជួយគាំទ្រលើការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជូនដល់សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យដល់កម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាល នៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរបានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភាអាល្លឺម៉ងតាមរយៈ ដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។

លោក Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្សAfD នៃសហព័ន្ធអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅ និងសូមឯកភាពចំពោះប្រសាសន៍របស់លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់។ ប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថាកម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស។

លោក Tino CHRUPALLA បានមានប្រសាសន៍ថា ឯកឧត្តមបានដឹងពីតម្រូវការមួយចំនួនរបស់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយលោកនឹងនាំយកបញ្ហាទាំងនេះទៅពិភាក្សាគ្នានៅក្នុងគណៈកម្មការសភាអាល្លឺម៉ង់ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយអាចជួយចែករំលែកដល់កម្ពុជា ក៏ដូចជាចូលរួមក្នុងការជួយកសាងធនធានមនុស្សរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ លោក Tino CHRUPALLA បានថ្លែងអំណរគុណចំពោះសម្ដេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតឱ្យលោក មានជំនួបសវនាការជាមួយលោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១ រដ្ឋសភានាពេលនេះ ដោយលោកបានរៀនសូត្រ និងយល់ដឹងច្រើនពីកម្ពុជា។

ជាថ្មីម្តងទៀត លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់លោកប្រធានគណៈប្រតិភូសភាអាល្លឺម៉ង់ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដោយសង្ឃឹមថា តម្រូវការរបស់កម្ពុជា នឹងត្រូវបានលើកយកទៅពិភាក្សានៅក្នុងសភាអាល្លឺម៉ង់។ ឆ្លៀតក្នុងឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើដល់សភា និងរដ្ឋាភិបាលអាល្លឺម៉ង់ សុំឱ្យជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ មកបណ្ដាក់ទុននិងធ្វើទេសចរណ៍កម្សាន្តនៅ ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

លោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានស្នើសុំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងសភាទាំងពីរ ដើម្បីធ្វើការចែករំលែក និងសិក្សាបទពិសោធន៍ ពីគ្នាទៅវិញទៅមក ព្រមទាំងសូមស្នើ អាល្លឺម៉ង់បន្តជួយគាំទ្រជាជំនួយទ្វេភាគី ដល់កម្ពុជា និងដល់អង្គការសង្គមស៊ីវិល ក៏ដូចជាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យបានទៅបន្តការសិក្សានៅអាល្លឺម៉ង់បន្ថែមទៀតផងដែរ៕