(កោះកុង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរ៣សំណួរ ទៅកាន់ លោក សម រង្ស៉ី ជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ដែលវាយប្រហារចំពោះ ទិវាជ័យជម្នះ ៧មករា ដែលត្រូវបានចាត់ទុកថា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។

ការចោទសួររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ លោក សម រង្ស៉ី​ តាមបណ្តាញសង្គម កាលពីម្សិលមិញ ដែលជាខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា បានវាយប្រហារថា ​«ថ្ងៃ​ប្រាំពីរ​មក​រា ​គឺ​ថ្ងៃ​ដែល​ខ្មែរ​បាត់បង់​អធិបតេយ្យ​ភាព ខ្មែរ​បាត់បង់​ដែន​សមុទ្រ​ ខ្មែរ​បាត់បង់​កោះត្រល់»

ដោយហៅ លោក សម រង្ស៉ី ថា «ម្សៀមួយនោះ» នៅក្នុងពិធីសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា នៅពេលដែលប្រជាជនកម្ពុជារងគ្រោះដោយការកាប់សម្លាប់ពី របបប្រល័យពូជសាសន៍ប៉ុលពត នៅកម្ពុជាគ្មានវត្តមាន លោក សម រង្ស៉ី នោះទេ។ ជាមួយគ្នានេះ សម្តេចបានចោទសួរ៣សំណួរដូចខាងក្រោម៖

​ទី១៖ សម្តេចបានចោទសួរថា តើចន្លោះពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តើខ្មែរក្រហមសម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជាឬទេ? ហើយមនុស្សប៉ុន្មានលាននាក់ដែលស្លាប់? ​ត្រង់សំណួរនេះ សម្តេចបានបញ្ជាក់ ប្រជាពលរដ្ឋដែលសេសសល់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលរស់រានមានជីវិតមកដល់សព្វថ្ងៃ គឺជាសាក្សី ហើយប្រជាពលរដ្ឋចាស់ក្មេង សៀវភៅប្រវត្តិសាស្ត្រ សុទ្ធតែបានកត់ត្រា និងបញ្ជាក់ថា ខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែរ។

​ទី២៖ សម្តេចបានចោទសួរថា តើការវាយចូលរបស់កងកម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់តាំងពីថ្ងៃទី០២ធ្នូ រហូតដល់ដើមឆ្នាំ១៩៧៩ រហូតដល់ដេញខ្មែរក្រហម ទៅជ្រុងម្ខាងនៃប្រទេស បានបញ្ឈប់ខ្មែរក្រហមមិនឱ្យសម្លាប់មនុស្សតទៅទៀតឬទេ? ត្រង់ចំណុចនេះ សម្តេចបានបញ្ជាក់ថា «គឺខ្មែរក្រហមលែងបានសម្លាប់មនុស្សតទៅទៀត អញ្ចឹងវាស្មើនឹងអ្វី? បើសិនជារណសិរ្យសាមគ្គីសង្គ្រោះជាតិ ចូលមកហើយ ដេញខ្មែរក្រហមហើយ កម្លាំងថ្មីកាប់សម្លាប់ប្រជាជនដដែលនោះទើបជារឿងមួយផ្សេង»

ទី៣៖ ត្រូវបានសម្តេចធិបតី ចោទសួរថា ហេតុអ្វីបានជាទៅពឹងវៀតណាម? សម្តេចបានពន្យល់ថា ពីឆ្នាំ១៩៧៨ ប្រជាជនកម្ពុជា មានជម្រើសតែពីរប៉ុណ្ណោះ គឺពឹង​អ្នកនៅទិសខាងលិច និងអ្នកនៅទិសខាងកើត។ ទិសខាងលិច គឺអង្គការសហប្រជាជាតិ ឯទិសខាងកើតគឺវៀតណាម។ ប៉ុន្តែពេលនោះ ហេតុអ្វីបានជា UN មិនបញ្ជូនទ័ពមកជួយពលរដ្ឋកម្ពុជា គឺដោយសារតែច្បាប់អង្គការសហប្រជាជាតិ មិនអន្តរាគមន៍កងទ័ពចូលប្រទេសណាមួយនោះទេ ប្រសិនបើគ្មានសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ។

សម្តេចបញ្ជាក់ថា «កម្ពុជាពេលនោះ អត់ជម្រើសទេ នរណាក៏ដោយឱ្យតែមក យើងស្វាគមន៍ទាំងអស់ មនុស្សជិតលង់ទឹកហើយអត់មានរើសទេ តែយើងអត់ជម្រើសដោយសារហេតុអ្វី? នៅទិសខាងលិច UN មិនបញ្ជូនទ័ពមកទេ ដោយសារតែច្បាប់អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិមិនបញ្ជូនទ័ពមកប្រទេសណាមួយ ប្រសិនបើមិនមានសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ»។ សម្តេចបានចោទសួរថា តើពេលនោះ ខ្មែរក្រហមសុខចិត្តធ្វើលិខិតឱ្យ UN ចូលមកកម្ពុជាទេ គឺអត់ទេ»។ សម្តេចបន្តទៀតថា«អញ្ចឹង យើងមានតែជម្រើសខាងវៀតណាម យើងមានជម្រើសតែ២ហ្នឹងប៉ុណ្ណោះ បើខាងវៀតណាមគេមិនមក ក៏យើងនៅតែស្លាប់បន្តដែរ បើមិនបញ្ជូន»

សម្តេចបានចោទសួរបន្តថា «ខ្ញុំសួរថា លិចទូកកណ្តាលទន្លេ ហែលខ្វៃៗម្នាក់ឯង ៣ថ្ងៃ៣យប់ហើយ ឃើញទូកតូចមួយមក បងប្អូនចង់ឡើងជិះទេ ឬចាំកប៉ាល់ធំមក? ហើយចង់ឡើងជិះ តើនឹងសួរថា ម្ចាស់ទូកនោះនរណាគេអត់?»។ សម្តេចបានបន្ថែមថា ឥឡូវយើងរើសបាន ព្រោះយើងមកដល់លើគោកហើយ យើងសង់ផ្ទះហើយ មិនបានធ្លាក់ទៅក្នុងសមុទ្រ យើងចេះតែនិយាយបាន តែពេលនោះ បើដាក់ខ្លួនយើងក្នុងពេលនោះ សួរថាយើងមានជម្រើសទេ?

សម្តេចបានថ្លែងថា បើមិនពឹងវៀតណាម គឺប្រជាជនកម្ពុជាពេលនោះ មានកម្លាំងប្រមាណ១ម៉ឺននាក់ គឺមិនអាចប្រយុទ្ធយកឈ្នះខ្មែរក្រហមនោះទេ។ ហើយពេលនោះក៏មិនមានលទ្ធភាពកសាងកម្លាំងរាប់សែននាក់ដើម្បីតទល់នឹងខ្មែរក្រហមនោះឡើយ ខណៈដែលពលរដ្ឋស្លាប់រាល់ថ្ងៃ។

សម្តេចធិបតីបានអំពាវនាវឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ រៀនសូត្រអំពីថ្ងៃ៧មករា ឱ្យបានច្បាស់លាស់ ហើយកុំយកនិន្នាការនយោបាយមកបកស្រាយលើកត្តាប្រវត្តិសាស្ត្រតទៅទៀត៕