(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រយៈពេលប្រមាណជាង៣ខែកន្លងមកនេះ រាជរដ្ឋាភិបាលចំណាយជិតទឹកប្រាក់ប្រមាណជា៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។

ការថ្លែងរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាធិបតី​ក្នុងកម្មវិធីសម្ពោធ​ស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះ​កុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «កម្មវិធីឧបត្ថមទឹកប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺយើងបានធ្វើរួចមកហើយ ហើយក្នុងរយៈពេលប្រមាណជាង៣ខែនេះ រដ្ឋាភិបាលចំណាយថវិការជិត៥លានដុល្លារ សម្រាប់ការឧបត្ថមថ្មីៗជូនដល់ស្រ្ដីមានផ្ទៃពោះ»

សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ទាំងនេះសបញ្ជាក់ថា យើងមិនបាននិយាយលេងនោះទេ គឺលទ្ធផលមានជាក់ស្ដែង គឺពិតជាបានទៅដល់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន ដូចថ្ងៃនេះមានបងប្អូនស្រ្ដីមានផ្ទៃពោះមានជាង៥០០រយនាក់ បានអញ្ជើញចូលរួមនៅទីនេះ ដូច្នេះសូមជូនពរបងប្អូនទាំងអស់គ្នា និងសូមចូលរួមធ្វើយ៉ាងណាជួយខេត្តកោះកុង កុំឲ្យតិចជាងគេពេកក្នុងចំនួនប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កាលពីឆ្នាំ១៩៩៨ មានចំនួនប្រជាជន ៨៤០០០នាក់ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន១៤ម៉ឺននាក់ ហើយសង្ឃឹមថា ឆ្នាំ២០៣៣នឹងមានប្រជាពលរដ្ឋរហូតដល់កន្លះលាននាក់។

បច្ចុប្បន្នយើងកំពុងដាក់ផែនការ ក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរដោយផ្ដោតលើខេត្តទាំង៤ ហើយចំពោះខេត្តកោះកុងមានផែនការ ពង្រឹងឧស្សាហកម្មមួយចំនួន ដូច្នេះក្នុងរយៈពេល១០ឆ្នាំនេះនឹងអាចទទួលបាន ព្រោះប្រសិនជាសេដ្ឋកិច្ចឧស្សាហកម្ម នៅខេត្តកោះកុងរីកលូតលាស់លឿន ដូច្នេះបងប្អូនមកពីបណ្ដាលខេត្តផ្សេងនឹងចូលមកកាន់ខេត្តកោះកុង ដូច្នេះចំនួនប្រជាពលរដ្ឋប្រមាណ៣០ម៉ឺននាក់យើងនឹងអាចទទួលបាន។

សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះការយកចិត្តទុកដាក់ជួយដល់បងប្អូនស្រ្ដីមានផ្ទៃពោះ ក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បានធ្វើហើយ ហើយសូមបន្ដធ្វើបន្ថែមទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋជាបន្ដបន្ទាប់៕