(បាត់ដំបង)៖ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានផ្តល់ការគាំទ្រដល់បណ្ណាល័យ សហគមន៍ សួន បញ្ញា ដែលមានទីតាំងនៅភូមិ កំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង់ បន្ទាប់ពី បណ្តាល័យនេះ បានបិទដំណើរការកាលពីអំឡុងឆ្នាំ ២០២០ ព្រោះតែវិបត្តិកូរីដ១៩។ ការគាំទ្រដល់បណ្ណាល័យសហគមន៍ ជាកម្មវិធីអភិវឌ្ឍបណ្ណាល័យនៃយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ។

បណ្តាល័យសហគមន៍ សួន បញ្ញា បានបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់ កុមារ និងយុវជននៅក្នុងសហគមន៍ បានទទួលចំណេះដឹងតាមរយៈការអានសៀវភៅ និងកម្មវិធីផ្សេងៗ។ បណ្ណាល័យ សហគមន៍ សួន បញ្ញា គឺជាបណ្ណាល័យសហគមន៍មួយក្នុងចំណោមបណ្ណាល័យសហគមន៍ទូទាំងប្រទេស ដែលត្រូវបានបិទទ្វារទៅវិញ បន្ទាប់ពីរងវិបត្តិដោយសារជំងឺកូវីដ១៩។ បច្ចុប្បន្ន បណ្ណាល័យទាំងនោះ រួមទាំង បណ្តាល័យសហគមន៍ សួន បញ្ញា ផងនោះ នៅមិនទាន់បើកដំណើរការឡើងវិញនោះទេ។

លោក សុខ ឡាក់ សហស្ថាបនិកសៀវភៅមួយសហគមន៍មួយ និងជាស្ថាបនិកបណ្តាល័យបញ្ញវន្ត បានលើកឡើងថា បេសកម្មរយៈពេល២ថ្ងៃ មកកាន់ខេត្តបាត់ដំបង គឺមានគោលដៅដើម្បីចែករំលែកសៀវភៅ សម្ភារៈសិក្សា និងចែករំលែកក្តីស្រលាញ់ ទៅដល់កុមារ និងយុវជននៅក្នុងសហគមន៍ដោយផ្ទាល់។ លោកបន្តថា គោលដៅសំខាន់ដែរនេះ គឺដើម្បីគាំទ្របណ្ណាល័យ តាមសហគមន៍ ដូចជាបណ្ណាល័យសហគមន៍ សួន បញ្ញា ដើម្បីអាចដំណើរការបណ្ណាល័យឡើងវិញ។

លោកបានបញ្ជាក់ថា «ចឹងថ្ងៃនេះ យើងបាននាំយុវជន និងដៃគូពាក់ព័ន្ធផ្សេងៗមកមើលផ្ទាល់នៅ ខេត្តបាត់ដំបង ដែលមានទីតាំងនៅបណ្ណាល័យ សួន បញ្ញា។ យើងដាក់សៀវភៅបន្ថែមឲ្យពួកគាត់ ដើម្បីឲ្យពួកគាត់មានសមត្ថភាព ឬសៀវភៅច្រើន ជាជម្រើសដល់សាធារណជន និងក្មេងៗ។ យើងក៏មកសិក្សាបន្ថែម ព្រោះក្នុងអំឡុងកូវីដមានបណ្តាល័យមួយចំនួន មិនដំណើរការទេ។ ដូច្នេះយើង នឹងជជែកគ្នា ដើម្បីផ្តល់ការគាំទ្រ ពួកគាត់ឲ្យដំណើរការបណ្ណាល័យឡើងវិញ»

កញ្ញា យ៉ែម បញ្ញា សហស្ថាបនិកបណ្ណាល័យសហគមន៍ សួន បញ្ញា បាននិយាយថា ការដំណើរការ បណ្តាល័យនៅតាមសហគមន៍ គឺប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសកាលពីអំឡុងផ្ទះវិបត្តិកូរីដ១៩ ដែល ជាហេតុនាំឲ្យបណ្តាល័យនេះ មិនអាចបន្តដំណើរការទៅមុខបាន។ ប៉ុន្តែក្រោយពីមានកិច្ចគាំទ្រទាំងនេះ កញ្ញា បានប្រកាសប្តេជ្ញាចិត្តថា នឹងបើកដំណើរការបណ្តាល័យសហគមន៍ សួន បញ្ញា ឡើងវិញ នៅក្នុង ពេលឆាប់ៗ ដើម្បីបន្តបេសកម្មរបស់ខ្លួនតាមរយៈបណ្តាល័យនេះដែលអាចឲ្យយុវជន និងកុមារនៅ ស្រុកកំណើតទទួលបានចំណេះដឹងពីការអានសៀវភៅ។

កញ្ញាបានបញ្ជាក់ថា «ការចុះមកដល់ផ្ទាល់របស់ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាគុណប្រយោជន៍មួយដែលពួកគាត់ អាចយកសំឡេងជាបណ្ណាល័យ ឬជាសៀវភៅនេះ មកដល់សហគមន៍ ជាពិសេសក្មេងៗនៅតាមតំបន់ជនបទនេះ។ នៅពេលសហគមន៍ឃើញសកម្មភាពនៃការគាំទ្រនេះ អាចបង្ហាញឲ្យយុវជនយើង បានផ្សារភ្ជាប់គ្នាដើម្បីលើកកម្ពស់ការអាននៅកម្ពុជា»

យុវជន នឿន ទិត្យសត្យា ជាសិស្សថ្នាក់ទី៩ នៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ នៅស្រុកបាណន់ ដែលកំពុងសប្បាយរីករាយក្នុងការសិក្សារបស់ខ្លួន ចង់ឲ្យសហគមន៍របស់ខ្លួន មានបណ្ណាល័យឡើងវិញ។
ទិត្យសត្យា បានបន្តថា «ពេលមានកម្មវិធីនៅបណ្តាល័យចឹងទៅ ខ្ញុំបានមកចូលរួមជាមួយគាត់។ ខ្ញុំចង់ឲ្យសហគមន៍ខ្ញុំមានបណ្ណាល័យឡើងវិញព្រោះជិតផ្ទះរបស់ខ្ញុំ»។

បើទោះជាបណ្ណាល័យមិនទាន់ បើកដំណើរការឡើងវិញ ក៏កញ្ញា បញ្ញា បានអះអាងថា ក្រុមយុវជនតែង គៀវគរយុវជន និងកុមារមកជុំគ្នា ដើម្បីអានសៀវភៅម្តងម្កាល ខណៈកញ្ញា រំពឹងថា សាធារណជន នឹងបន្ត គាំទ្រដល់បណ្ណាល័យនៅសហគមន៍របស់កញ្ញា។

អ្នកស្រី សៀង ចាន់រ៉ា ដែលជាអាណាព្យបាលម្នាក់ រស់នៅក្នុងភូមិកំប៉ូវ បាននិយាយដែរថា ក្មេងៗនៅក្នុង តំបន់នេះ ភាគច្រើនចូលចិត្តលេងទូរស័ព្ទ។ អ្នកស្រី បន្តថា នៅពេលក្មេងៗ «មកអានសៀវភៅនៅបណ្ណាល័យ ពួកគាត់ កាត់បន្ថយលេងទូរស័ព្ទ។ ដូច្នេះ អ្នកស្រី ចង់ឲ្យបណ្ណាល័យនេះបើកឡើងវិញ»

អ្នកស្រី បានបញ្ជាក់ថា «ក្នុងសហគមន៍ខ្ញុំនេះ មានតែបណ្តាល័យសួនបញ្ញានេះ ដែលខ្ញុំយកកូនខ្ញុំអាន និង មកលេង។ ខ្ញុំយល់ថា ការមានបណ្ណាល័យនៅទីនេះគឺល្អ ក្មេងៗពេលក្រោយចេញពីរៀន គាត់មកអាន សៀវភៅបន្ថែម គាត់បានជុំគ្នា។ ខ្ញុំចង់ឲ្យបណ្ណាល័យនេះ ដំណើរការដូចដើមវិញ»

គិតត្រឹមឆ្នាំ២០២៣ កន្លងមកនេះ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍ នៅទូទាំងប្រទេស បានបង្កើតបណ្ណាល័យសហគមន៍ចំនួន២៨កន្លែង ខណៈឆ្នាំ២០២៤ បេសកម្មយុទ្ធនាការ សៀវភៅមួយសហគមន៍មួយ គ្រោងពង្រឹងបណ្ណាល័យនៅទូទាំងប្រទេសឲ្យបានដល់៦០កន្លែង៕