(កោះកុង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោលនយោបាយនោះទេ ពោលក្រោយសភាផ្តល់សេចក្តីទុកចិត្ត សម្តេចបានប្រកាសដាក់ចេញគោលនយោបាយជាច្រើនឱ្យអនុវត្តន៍ភ្លាមៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។
សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា«ទ្រឹស្តីនៃការបោះឆ្នោត រដ្ឋាភិបាលមួយៗ គេថាមានដំណាក់កាល នៃដំណាក់កាលរាត្រីទឹកឃ្មុំ៣ខែ សម្រាប់រដ្ឋាភិបាលណាដែលបោះឆ្នោតហើយ ទើបជាប់បានបីខែ ទើបវាយតម្លៃដាក់ចេញគោលនយោបាយអី ឬមួយរៀបចំយ៉ាងម៉េច។ រដ្ឋាភិបាលនៃអាណត្តិទី៧ អត់មាន៣ខែទេ មួយថ្ងៃដំបូងគឺត្រូវប្រកាសនៅមុខសភា ថ្ងៃដែលត្រូវសុំការអនុម័តគាំទ្រ។ ២ថ្ងៃក្រោយនៅក្នុងគណៈរដ្ឋមន្រ្តី លើកទី១ប្រមាណថ្ងៃក្រោយចូលប្រជុំ ត្រូវដាក់ចេញសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យមានសមិទ្ធផលជាក់ស្តែង»។
សម្តេចធិបតីបានថ្លែងបន្តថា ក្នុងរយៈពេល៤ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសពាក់ព័ន្ធនឹងការថែទាំសុខភាព ការកម្ពស់ជីវភាពប្រជាពលរដ្ឋ កសិករ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ជាដើម។ សកម្មភាព និងគោលនយោបាយទាំងនេះ គឺឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៥ ដែលរាជរដ្ឋាភិបាលចង់បានចំណុចគន្លឹះអទិភាព គឺជំរុញកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង បង្កើតការងារបន្ថែម កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យរដ្ឋបាលការងារកាន់តែមានចីរភាព និងប្រសិទ្ធភាព។
សម្តេចធិបតីមានប្រសាសន៍ទៀតថា ជាក់ស្តែងនៅរយៈពេល៤ខែនេះ បន្ទាប់ពីសម្តេចធិបតី បានដាក់ចេញនូវអនុសាសន៍ និងណែនាំដល់ក្រសួងការងារមួយចំនួន ក្រសួងនេះបានខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើន ជាពិសេសការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ដែលចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ។
ជាមួយគ្នានេះ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក៏ត្រូវបានដំឡើងផងដែរ ចាប់ផ្តើមពីសប្តាហ៍ទី២ ខែមករាតទៅ៕