(កោះកុង)៖ ថ្លែងចេញពីវេទិកាជួបកម្មករនៅខេត្តកោះកុង, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គោលនយោបាយសន្តិភាព គឺជាគោលនយោបាយដ៏ចាំបាច់នាំមកនូវការបញ្ចប់សង្គ្រាម និងការឯកភាពជាតិ ហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអអញ្ជើញជាអធិបតីភាពសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេធិបតី ហ៊ុន ម៉ាណែត បានន្តថា សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ខណៈដែលខេត្តកោះកុង កាលពីអតីតកាលឆ្ងាយណាស់ ព្រោះគ្មានផ្លូវធ្វើដំណើរ មិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ បានបញ្ជាក់ថា តាមរយៈសន្តិភាពេញលេញ ក្រោមគោលនយោបាយឈ្នះឈ្នះ កោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត។ ហើយសមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង ដោយឡែកនៅពេលដែលកម្ពុជាបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងប្រជាជនក្នុងខេត្តបានប្រហែលជាង៨ម៉ឺននាក់ តែរហូតមកដល់ឆ្នាំ២០២៤នេះ កើនឡើងជាង ១៤ម៉ឺននាក់ ហើយស្ថានភាពសេដ្ឋកិច្ចកាន់តែកើននោះប្រជាពលរដ្ឋនឹងបន្តនាំគ្នាមករស់នៅក្នុងខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «បងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ យើងដឹងហើយថាគ្មានស្អីកើតឡើងដោយចៃដន្យនោះទេ ជាកន្លែងដែលល្អពីមុនសង្គ្រាម ទៅជាកន្លែងបែកបាក់គ្នា រហូតអីឡូវយើងអភិវឌ្ឍន៍ឡើងវិញ គឺវាកើតចេញពីការខិតខំប្រឹងប្រែងលះបង់ច្រើនណាស់ ហើយសំខាន់បំផុតគឺការរៀបចំដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីយើងអាចភ្ជាប់មកប៉ុនណេះ [….] សំណួរសួរថាគោលនយោបាយស្អីខ្លះ អនុវត្តន៍ស្អីខ្លះ? ទី១៖ ការការដាក់ចេញគោលនយោបាយត្រឹមត្រូវ, ទី២៖ ការអនុវត្តដោយស្មោះត្រង់ និងប្រសិទ្ធភាព ទើបយើងបាន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោមដំបូលនៃសុខសន្តិភាព មានកន្លែងច្រើនណាស់នៅក្នុងទឹកដីខេត្តកោះកុង មានការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ទាំងច្នៃប្រឌិត និងទេសចរណ៍ធម្មជាតិ ខណៈដែលតំបន់មួយចំនួនពីអតីតកាលពីកន្លែងលាក់កងទ័ព កន្លែងច្បាំគ្នា រាប់ជំនាន់ក៏បានប្រែក្លាយទៅជាតំបន់មានការអភិឌ្ឍសម្រាប់ខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយច្បាស់លាស់។ គោលនយោបាយទី១ គឺគោលនយោបាយបញ្ចប់សង្គ្រាម ដែលនាំមកនូវសន្តិភាព ការឯកភាពជាតិ ពេញលេញ និងការបង្រួបបង្រួមជាតិទាំងស្រុងនេះជាការងារចាំបាច់គោលនយោបាយនេះ គឺជាគោលនយោបាយដែលចាំបាច់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «បើសិនអត់សន្តិភាព សួរថាយើងបានបង្រួបបង្រួមជាតិទឹកដី ហើយខេត្តកោះកុង តភ្ជាប់ទេ? ថ្ងៃមុនខ្ញុំទៅសម្ពោធទំនបវារីអគ្គិសនីនៅថ្មបាំង កន្លែងនោះកាលពីជំនាន់ លន់ នល់ ជាកន្លែងលាក់ទ័ព ដើម្បីតស៊ូប្រឆាំងជាមួយ លន់ នល់ ជំនាន់ខ្មែរក្រហមក៏ជាកន្លែងលាក់ទ័ព ដើម្បីប្រឆាំងជាមួយខ្មែរក្រហម»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយឆ្នាំ១៩៧៩ តំបន់មួយចំនួននៅក្នុងខេត្តកោះកុង នៅតែជាទីតាំងសមរភូមិក្តៅនៅឡើយរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា នាសម័យនោះ។ បើគ្មានសន្តិភាព តើយើងអាចបង្រួបបង្រួមជាតិបានទេ? យើងអាចធ្វើខេត្តកោះកុងជាខេត្តដែលតភ្ជាប់មួយបណ្តាខេត្តផ្សេងៗទៀតដូចសព្វថ្ងៃ ឬទេ? មានផ្លូវតែប្រើមិនកើត ដោយសារផ្លូវដាច់ដោយគ្រាប់មីន មានដីអំណោយផល មានទឹកដែលអាចធ្វើកំពង់ផែបាន ប៉ុន្តែ មិនអាចអភិវឌ្ឍន៍បានដោយសារគ្មានអ្នកវិនិយោគមកបណ្តាក់ទុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពនោះខេត្តកោះកុង មិនអាចមានការអភិវឌ្ឍដូចសព្វថ្ងៃបាននោះទេ ហើយដើម្បីទទួលបានសន្តិភាព គឺទាល់តែមានគោលនយោបាយច្បាស់លាស់ គឺគោលនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជាទាំងស្រុង រយៈពេល៥០០ឆ្នាំ ប្រទេសកម្ពុជា ជួបតែចម្បាំង ទីបំផុតចម្បាំងលើទឹកដីកកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះ ហើយប្រសិនបើគ្មានអ្នកអនុវត្តន៍គោលនយោបាយនេះដោយស្មោះត្រង់នោះនឹងមិនអាចធ្វើទៅបានជាដាច់ខាត៕