(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពីមួយអាណត្តិ ទៅមួយអាណត្តិ រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រឹងប្រែងធ្វើឲ្យជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីជាការតបស្នងទៅកាន់ម្ចាស់ឆ្នោត ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា មិនឲ្យខកបំណងឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រៀបការផ្ដល់សេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ ទៅនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដើម្បីប្រឡងឡើងថ្នាក់ នោះនៅពេលបានឡើងថ្នាក់ហើយមិនមែនបោះបង់ចោលការសិក្សានោះទេ ពោលត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានឡើងថ្នាក់បន្ដ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ភារកិច្ចរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិ ទៅមួយអាណត្តិ ដូចអ្នកប្រឡង ដូចសិស្សរៀនអីចឹង។ ទន្ទឹមនឹងយើងបានប្រឡងជាប់ យើងអត់បោះបង់ការសិក្សា ឬទម្លាក់ដៃនោះទេ យើងកាន់តែខំប្រឹងប្រែង ដើម្បីបានជាប់ម្ដងទៀត ទៅតាមលទ្ធផល និងការខិតខំប្រឹងប្រែង។ ចំពោះរាជរដ្ឋាភិបាល នៅក្នុងលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ លោកគ្រូ អ្នកគ្រូ គឺជាប្រជាពលរដ្ឋ នៅពេលដែលលោកគ្រូ អ្នកគ្រូឲ្យជាប់ ភារកិច្ចអត់មានទម្លាក់ដៃទេ គឺមានតែខិតខំ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រៀបដូចជាការអរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្ត និងប្ដេជ្ញាចិត្តមិនឲ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីបន្ដផ្ដល់នូវការទុកចិត្តនៅគ្រប់អាណត្តិទាំងអស់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់ពេលបច្ចុប្បន្ន គឺនៅតែបន្ដខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា មិនមែនដូចខ្មែរក្រហមដែលប្រជាពលរដ្ឋផ្ដល់អំណាចឲ្យ រួចកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិ សេរីភាពដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារសប្បូរសប្បាយ សេដ្ឋកិច្ចកាន់តែរីកចម្រើន។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧កន្លងទៅ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបន្ដឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល បន្ដអនុវត្តគោលនយោបាយដែលបានដាក់ចេញ។

របាយការណ៍បានឲ្យដឹងថា សម្រាប់ខេត្តកោះកុង មានប្រជាពលរដ្ឋ៨៣ភាគរយ បានចេញទៅបោះឆ្នោត ហើយក្នុងនោះ៨៥.៧២ភាគរយ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់អំពីការពេញចិត្ត និងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕