(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាការបិទបញ្ចប់ការកាប់សម្លាប់របស់ខ្មែរក្រហម ហើយរំដោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ក្រោយថ្ងៃផ្តួលរំលំរបបខ្មែរក្រហម គឺបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះ ជាសច្ចភាពប្រវត្តិសាស្ត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំណួរសួរមានតែ ២ទេ។ ទី១ ខ្មែរក្រហមសម្លាប់មនុស្សឬអត់ ចម្លើយគឺសម្លាប់ ទី២ តើការដេញខ្មែរក្រហម ឲ្យខ្មែរក្រហមអស់លទ្ធភាពសម្លាប់មនុស្សបានមែន គឺបាន ព្រោះខ្មែរក្រហមរត់ចេញអស់ លែងបានសម្លាប់មនុស្សទៀតហើយ អីចឹងវាស្មើនឹងការរំដោះប្រទេស នៅឆ្នាំ១៩៧៩ ស្មើនឹងការសង្គ្រោះជីវិតមនុស្សយើង នេះជាការពិត។ ចង់អ្នកឯង ប្រើពាក្យម៉េចប្រើទៅ ប៉ុន្តែ ត្រូវទទួលស្គាល់ការពិត។ អីចឹង ការវាយចូលរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាម នៅឆ្នាំ១៩៧៩ គឺបានបញ្ចប់លទ្ធភាព ដែលខ្មែរក្រហមកាប់សម្លាប់មនុស្សនៅក្នុងប្រទេស និងបានសង្គ្រោះប្រជាពលរដ្ឋយើងរាប់លាននាក់ នេះជាការពិត»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ចាប់ពីពេលបច្ចុប្បន្ន ទៅអនាគត ត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស រក្សាឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ។

ជាមួយគ្នានេះដែរ ឆ្លើយតបនឹងការរិះគន់របស់ម្សៀក្បត់ជាតិតជំនាន់ សម រង្ស៉ី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា «ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមបានសម្លាប់ខ្មែរមែនឬទេ? ក្រោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលខ្មែរក្រហមលែងសម្លាប់ប្រជាពលរដ្ឋខ្មែរមែនទេ?»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចុងទសវត្សរ៍ឆ្នាំ៧០ កម្ពុជាគ្មានជម្រើសស្វែងរកអ្នកជួយសង្គ្រោះនោះឡើយ ក្រៅពីប្រទេសវៀតណាម ខណៈច្បាប់មិនបើកផ្លូវឱ្យអង្គការសហប្រជាជាតិចូលមកជួយកម្ពុជានោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំយករឿងនយោបាយ មកបកស្រាយប្រវត្តិសាស្ត្រ ត្រូវយកទិដ្ឋភាពប្រវត្តិសាស្ត្រ មកបកស្រាយប្រវត្តិសាស្ត្រ ដើម្បីរកឃើញការពិត។ សម្តេចធិបតី បានប្រៀបធៀបស្ថានភាពជីវិតខ្មែរក្នុងសម័យខ្មែរក្រហម ជាពេលលិចទូកកណ្តាលទន្លេ កណ្តាលសមុទ្រ គឺគ្មានជម្រើសរើសអ្នកជួយនោះទេ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង២ម៉ឺននាក់ ប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាជាតិខ្មែរ បានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ក្នុងការស្វះស្វែងដើម្បីដណ្ដើមជីវិតប្រជាជនចេញពីកណ្ដាប់ដៃ ប៉ុល ពត បានអះអាងថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម៕