(កោះកុង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទិវាសន្តិភាព២៩ធ្នូ គឺប្រារព្ធឡើងដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលស្អប់សង្គ្រាម និងស្រឡាញ់សន្តិភាព ហើយក៏គ្មានអ្វីខុសដែលប្រជាពលរដ្ឋត្រូវចង់ចាំសន្តិភាព ថែរក្សាសន្តិភាពឱ្យស្ថិតស្ថិរនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជាង១ម៉ឺននាក់នៅខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា ដើម្បីបញ្ចប់សង្គ្រាម គឺត្រូវមាននយោបាយច្បាស់លាស់ ហើយគោលនយោបាយនោះគឺគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទីបំផុតកម្ពុជាក៏បានបញ្ចប់ព្រឹត្តិការណ៍សង្គ្រាមដែលកើតឡើងប្រមាណ៥០០ឆ្នាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកទូទាំងប្រទេស។ តែបែរជាមានមតិរិះគន់ពីពួកអគតិក្រៅប្រទេសថា ការប្រារព្ធទិវានេះគឺសម្រាប់ត្រកូល ហ៊ុន ទៅវិញ ដោយមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងទុក្ខវេទនាក្នុងសង្គ្រាមសោះឡើយ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «មានអ្នកខ្លះចេញមករិះគន់ថា ដាក់ថ្ងៃបុណ្យជាតិនៅថ្ងៃទី២៩ ខែធ្នូ គឺសម្រាប់ត្រកូល ហ៊ុន។ ខ្ញុំសូមប្រាប់ថា ខ្ញុំអត់បដិសេធថាត្រកូលហ៊ុនក៏ស្វាគមន៍សន្តិភាពដែរ អ៉ីចឹងទិវាសន្តិភាពគឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាពនិងស្អប់សង្គ្រាម ក្នុងនោះក៏មានត្រកូលហ៊ុនមួយដែរ តែមិនសម្រាប់ផ្ដាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនយើងទូទាំងប្រទេស»

សម្ដេចធិបតីបានអះអាងថា ទិវាសន្តិភាពនៅកម្ពុជានេះ គឺសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ដែលស្រឡាញ់សន្តិភាពនិងស្អប់សង្គ្រាម ព្រោះប្រជាពលរដ្ឋគ្រប់គ្នាត្រូវការការរស់រានដោយសន្តិភាព រស់នៅដោយការអភិវឌ្ឍ រស់នៅដោយភាពសុខសប្បាយ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងអធិបតេយ្យភាព និងឯករាជ្យភាព ដែលមានទិវាឯករាជ្យជាតិ៩វិច្ឆិកាជាស្មារតី, ថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ មានទិវាជ័យជម្នះ៧មករាជាស្មារតី ហើយក្នុងថ្ងៃទាំងអស់នេះយើងបានកំណត់ជាថ្ងៃឈប់សម្រាក ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានអបអរសាទរគ្រប់គ្នា ដូច្នេះគ្មានអ្វីត្រូវខុសឡើយដែលរាជរដ្ឋាភិបាលកំណត់ថ្ងៃប្រារព្ធទិវាសន្តិភាព២៩ធ្នូ និងឱ្យមានការឈប់សម្រាកនេះ ហើយក៏គ្មានអ្វីត្រូវខុសដែលយើងត្រូវចងចាំសន្តិភាព ថែរក្សាសន្តិភាព កុំឱ្យបាត់សន្តិភាព ហើយធ្លាក់ទៅក្នុងសង្គ្រាមទៀត។

គួរជម្រាបថា នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជានោះ គឺដើម្បី៖

* ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

* ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឭនៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

* ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។

* ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។

* ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។

អនុក្រឹត្យដដែលបញ្ជាក់ទៀតថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស៕