(កោះកុង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា គោលដៅធំបំផុតនៃនយោយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបន្តរក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាជន និងធ្វើការអភិវឌ្ឍឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធា។
ការថ្លែងបញ្ជាក់ពីគោលដៅនៃនយោបាយ របស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញក្នុងពិធីសម្ពោធស្ពានបេតុ ឈ្មោះ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងដំណាក់កាលតាំងពីក្រោយសង្គ្រាមមកដល់ពេលនេះ នយោបាយយើងមានការដូរពី ត្រីកោណ មកចតុកោណ និងមកបញ្ចកោណ អាទិភាពយើងប្តូរពីការថែរក្សាសន្តិភាព ទៅការពង្រឹងធនធានអាទិភាពមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាមួយទៀត យើងមានការកែសម្រួលមួយចំនួន ប៉ុន្តែគោលដៅធំពីរ គឺទី១-ថែរក្សាឱ្យបាននូវសុខសន្តិភាព និងទី២- គឺការអភិវឌ្ឍ ជូនឱ្យប្រជាពលរដ្ឋកាន់តែរីកចម្រើន នេះជាគោលដៅធំបំផុតសម្រាប់យើង គឺយកប្រជាជនជាគោល ឱ្យប្រជាជនយើងរស់នៅក្នុងសន្តិភាព និងមានឱកាសឱ្យកាន់តែមានបាន»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងប្រឹងប្រែងធ្វើឱ្យប្រទេសជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ចាប់ពីពេលបច្ចុប្បន្នទៅអនាគត ត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស រក្សាឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ និងត្រូវប្រឹងរួមគ្នារក្សាសមិទ្ធផលជំនាន់មុន ហើយបន្តប្រឹងប្រែង ដើម្បីបន្សល់សមិទ្ធផលដល់អ្នកជំនាន់ក្រោយ។
បន្ថែមលើសពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរ ត្រូវមានមោទនភាពសម្រាប់សមិទ្ធផលដែលជាតិកម្ពុជា សម្រេចបាននាពេលបច្ចុប្បន្ន ផ្តើមចេញពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីជាមូលដ្ឋានបន្តសម្រាប់មនុស្សជំនាន់ក្រោយ៕