(ភ្នំពេញ)៖ កម្មវិធីសំណេរអង្គរ ដែលជាការប្រកួតសរសេរតាមអានអក្សរខ្មែរនោះ ទទួលបានការចុះឈ្មោះចូលរួមប្រកួតពីសំណាក់បេក្ខជនចំនួន៨១៥នាក់ ដើម្បីត្រៀមចូលរួមប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

គួរជម្រាបថា កម្មវិធីសំណេរអង្គរ គឺជាការប្រកួតសរសេរតាមអានអក្សរខ្មែរ សរសេរជាអត្ថបទភាសាខ្មែរ ដែលបើកឱ្យមានការចុះឈ្មោះចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។ កម្មវិធីនេះកើតឡើងដោយសារការមើលឃើញពីកំហុសឆ្គងក្នុងការសរសេរ ការប្រើប្រាស់ពាក្យពេចន៍ភាសាខ្មែរមិនសូវល្អ ឬនៅមានកម្រិតក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានឱ្យដឹងថា «គិតត្រឹមម៉ោង១២៖០០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដែលជាការបិទបញ្ចប់ការចុះឈ្មោះចុងក្រោយ ចំនួនអ្នកចុះឈ្មោះចូលរួមប្រកួតអាចមានដល់៨១៥នាក់»

លោក លីម ប៊ុនហុក កម្មវិធីដ៏មានសារសំខាន់នេះនឹងប្រព្រឹត្តទៅរយៈពេល១ម៉ោងព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ខាងមុខ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ប្រធានបទគឺពាក់ព័ន្ធនឹងតំបន់អង្គរ ដែលជាទឹកដីដ៏អច្ឆរិយៈនៃប្រជាជាតិខ្មែរ ជាអតីតរាជធានីខ្មែរសម័យចក្រភពអង្គរជាង៦០០ឆ្នាំ។

ចំពោះ​រង្វាន់​សម្រាប់​ជ័យ​លា​ភី រួមមាន​៖
* ជ័យលាភីលេខ១ ទទួល​បាន​ប្រាក់​រង្វាន់១លាន២សែន​រៀល ជាមួយការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៥ ចំនួ​ន១បន្ទប់គ្រែ២ សម្រាប់៣យប់ នៅខេត្ត​សៀមរាប។
* ជ័យ​លា​ភី​លេខ២ ទទួល​បានប្រាក់​រង្វាន់៨សែន​រៀល ជាមួយការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៤ ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់ នៅខេត្ត​សៀមរាប។
* ជ័យ​លា​ភី​លេខ៣ ទទួល​បានប្រាក់​រង្វាន់៤សែន​រៀល ជាមួយការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៣ ចំនួន១បន្ទប់គ្រែ២ សម្រាប់៣យប់នៅ​ខេត្តសៀមរាប។
* ក្រៅពី​នេះក៏​មាន​រង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ជាច្រើន​ទៀត។

ជាការលើកទឹកចិត្តរបស់លោក ប៊ុនហុក ការចូលរួមប្រកួតនេះមិនសំខាន់រឿងបានរង្វាន់ឬមិនបានរង្វាន់ ជាប់ឬធ្លាក់នោះទេ គឺសំខាន់បានយល់ដឹងបន្ថែមពីគុណតម្លៃអក្សរសាស្ត្រខ្មែរ ការកែតម្រូវផ្នែកអក្ខរាវិរុទ្ធក្នុងការសរសេរអក្សរខ្មែរ ព្រមទាំងចំណេះដឹងថ្មីៗផ្សេងទៀតពីកម្មវិធីដ៏មានសារសំខាន់នេះ។

លោកបានបន្តថា ចំពោះកិច្ចការត្រៀមរៀបចំកម្មវិធីនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ខាងមុខនោះ គឺក្រុមការងារបានត្រៀមរួចរាល់ស្ទើរតែ១០០ភាគរយហើយ ប៉ុន្តែនៅខ្វះធនធានថវិកាមួយចំនួនសម្រាប់បោះអាវឱ្យបេក្ខជនពាក់នៅពេលចូលរួមក្នុងថ្ងៃប្រកួត ក៏ដូចជាត្រូវការថវិកាឧបត្ថម្ភដល់គ្រូកំណែផងដែរ ដូច្នេះលោកក៏បានអំពាវនាវដល់សប្បុរសជននានា សូមជួយចូលរួមឧបត្ថម្ភថវិកាបន្ថែមសម្រាប់ប្រើប្រាស់ក្នុងកិច្ចការទាំងនេះ ព្រោះជាសកម្មភាពជួយសង្គមកម្ពុជាទាំងអស់គ្នា ពិសេសក្នុងវិស័យអក្សរសាស្ត្រជាតិ។

លោក លីម ប៊ុនហុក មានសុទិដ្ឋិនិយមថា កម្មវិធីសំណេរអង្គរលើកទី១ ឬការប្រកួតសរសេរតាមអានអក្សរសាស្ត្រខ្មែរនេះ នឹងជួយលើកស្ទួយភាសាខ្មែរដែលជាអត្តសញ្ញាណជាតិមួយរបស់កម្ពុជា។ លោក ប៊ុនហុក ចង់ឃើញអក្សរសាស្ត្រខ្មែរមានភាពល្អប្រសើរពីជំនាន់មួយទៅជំនាន់មួយ ពិសេសលើបញ្ហាអក្ខរាវិរុទ្ធ៕