(អាមេរិក)៖ លោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ដែលកំពុង ត្រៀមសម្រាប់ការបោះឆ្នោត ក្នុងសហរដ្ឋអាមេរិក នាចុងឆ្នាំ២០១៦នេះ បានលើកឡើងថា លោកនឹងធ្វើឲ្យជនជាតិអាមេរិកស្បែកខ្មៅមានជីវិតប្រសើរជាងនេះ ប៉ុន្តែភ្លាមៗនោះ លោកក៏បានស្រែក ថា លោកស្រី Hillary Clinton ជាមនុស្សចង្អៀតចង្អល់ ឬងងឹតងងុល។ នេះបើយោងតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦។
កាលពីសប្តាហ៍មុននេះ លោក Trump បានបង្កើតយុទ្ធនាការដ៏ក្តៅកគុកមួយ ដើម្បីបញ្ចុះបញ្ចូល ឲ្យជនជាតិស្បែកខ្មៅកាត់បន្ថយការគាំទ្រលើ អ្នកស្រី Clinton ក្នុងគោលបំណងទទួល បានសំឡេងឆ្នោតច្រើនពីពួកគេពីជនជាតិស្បែកខ្មៅមកវិញ។
ជាមួយគ្នានេះដែរ លោក Trump បានចោទអ្នកស្រី Clinton ថាជាមនុស្សចង្អៀតចង្អល់ ដោយយល់ឃើញថា អ្នកស្រី Hillary Clinton ចាត់ទុកជនជាតិទាំងនោះត្រឹមតែជាសន្លឹកឆ្នោតតែប៉ុណ្ណោះ មិនមែនជាមនុស្សមានតម្លៃអ្វីសម្រាប់អនាគតនោះឡើយ។ នេះបើយោងតាមប្រសាសន៍របស់លោក Trump ដែលបានលើកឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយសំឡេងឆ្នោតនាយប់ថ្ងៃពុធ នៅក្នុងទីក្រុងមួយនៃរដ្ឋមីសស៊ីស៊ីពី សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នេះជាការចោទប្រកាន់ក្នុងរស់ជាតិថ្មីមួយទៀត ពីលោក Trump ទៅលើលោកស្រី គ្លីនតុន ដែលគ្រប់គ្នាមើលឃើញថាលោកស្រីកំពុងតែនាំមុខ ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕