(កំពង់ធំ)៖ រដ្ឋបាលស្រុកស្ទោងបានប្រារព្ធមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០២៤) នៅសាលាស្រុកស្ទោង ក្រោមវត្តមានលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងសមាជិកសមាជិកាប្រមាណជិត៤០០នាក់។

លោក ព្រឹម រដ្ឋា បានអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនអង្គមីទ្ទីង រំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ (០៧ មករា ១៩៧៩-០៧ មករា ២០២៤) បានផងដែរ។

លោកបានលើកឡើងថា ទិវាជ័យជម្នះ៧មករា និងសុខសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន បានពលីសព្វបែបយ៉ាងដើម្បីយកជ័យជម្នះលើរបបអាវខ្មៅ ដែលត្រួតដែលបំភ្លេចបំផ្លាញប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនជាតិមាតុភូមិ ជាពិសេសថ្មីៗនេះគឺការនាំឲ្យមាននូវបុណ្យជាតិទិវាសន្តិភាព២៩ខែធ្នូផងដែរ។

លោកបានផ្ដាំផ្ញើដល់សមាជិក សមាជិកា អង្គពិធីទាំងមូលសូមនាំគ្នារក្សាសុខសន្តិភាពនេះឲ្យបានស្ថិតស្ថិរជាអមតៈ គឺមានតែសុខសន្តិភាពនេះហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិឲ្យបានមានការរីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ គណៈធិបតី និងសមាជិកសមាជិកាអង្គពិធីទាំងមូលក៏បានបង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាពតរៀងទៅ៕