(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើទៅកាន់អ្នកដែលមិនពេញចិត្តចំពោះការឈប់សម្រាកនិងរិះគន់ចំពោះទិវាជ័យជម្នះ៧មករា និងថ្ងៃ២៩ធ្នូ សូមធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ ហើយសាកល្បងនឹងគ្រោះថ្នាក់នៅទីនោះចុះ ដល់ពេលនោះនឹងបានដឹងហើយថាថ្ងៃអនុស្សាវរីយ៍ទាំង២នេះមានតម្លៃប៉ុណ្ណាចំពោះប្រទេសនិងប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

សម្ដេចតេជោប្រធានគណបក្សបានថ្លែងថា «ខ្ញុំសូមផ្ដាំផ្ញើទៅកាន់មនុស្សមួយចំនួន ប្រសិនបើអ្នកលោកមិនពេញចិត្តជាមួយនឹងការឈប់សម្រាកថ្ងៃទី៧ ខែមករា និងនៅថ្ងៃទី២៩ ខែធ្នូ ទេនោះ សូមអស់លោកអ្នកធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ ដើម្បីសាកល្បងជាមួយនឹងគ្រោះថ្នាក់ដែលពួកអស់លោកអ្នកគួរតែប្រថុយ ប្រសិនបើអស់លោកអ្នកពិតជាជើងឯកប្រឆាំងនឹងថ្ងៃ៧មករា និងប្រឆាំងជាមួយសន្តិភាព»

គួរជម្រាបថា ទិវាជ័យជម្នះ៧មករា គឺជាស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិនិងប្រជាជនកម្ពុជា និងការចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។

ចំណែកឯថ្ងៃទី២៩ ខែធ្នូ គឺជាការប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ៕