(ព្រះវិហារ)៖ ដើម្បីឆ្លើយតម្រូវការរបស់សិស្សនៅក្នុងខេត្តព្រះវិហារ ដែលកំពុងខ្វះអគារសិក្សាស្វែងរកចំណេះដឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចផ្តល់អគារសិក្សានៅតាមសាលារៀនចំនួន ៧កន្លែង ស្មើនិង ៧ខ្នង ចំនួន ១២៦បន្ទប់ ព្រមទាំងបានជួយសាងសង់ទីចាត់ការ ខ្លោង ទ្វារ របង អណ្តូងទឹក បន្ទប់ទឹក ចាក់ផ្លូវបេតុង និងតារាងបាល់ផងដែរ។
ការផ្តល់អគារសិក្សានៅតាមសាលាទាំងនេះ បានឆ្លើយតបទៅនិងកំណើនសិស្ស ដែលបាននិងកំពុងកើនឡើងខ្លាំង ខណៈសាលាខ្លះកំពុងខ្វះបន្ទប់ឲ្យសិស្សរៀន ហើយសាលាខ្លះអគារសិក្សាមានសភាពទ្រុឌទ្រោមខ្លាំង។ ការផ្តល់អគារសិក្សាបំពេញការចង់បានរបស់គ្រូ និងសិស្សៗនេះ បាននាំឲ្យគ្រូៗ និងសិស្សនាំគ្នាសប្បាយរីករាយ និងទះដៃទទួលសមិទ្ធផលថ្មីនៅក្នុងសាលារបស់ពួកគេយ៉ាងកងរំពង។
គ្រូៗ និងសិស្ស បានថ្លែងថា អគារសិក្សា ដែលសម្តេចតេជោ ផ្តល់ឲ្យនឹងចូលចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជាឲ្យ កាន់តែល្អប្រសើរថែមទៀត។ គ្រូ និងសិស្សសុទ្ធតែបានចាត់ទុកការជួយសាងសង់អគារសិក្សាទាំងនេះ គឺបានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់លើការសិក្សា និងប្រព័ន្ធអប់រំនៅកម្ពុជា ពីសំណាក់ប្រមុខដឹកនាំរបស់កម្ពុជា។
លោក ឃាង ថ្នាល់ នាយកសាលាបឋមសិក្សាហ្មសែត បានថ្លែងប្រាប់ Fresh News ថា «ថ្ងៃនេះខ្ញុំមានកិត្តិយសមែនទែន ដែលបានសម្តេចផ្តល់អគារសិក្សា ព្រោះខ្ញុំមិនដែលទទួលបានដល់ថ្នាក់នេះទេ ដល់ពេលបានលើកខ្ញុំរំភើបសឹងតែនិយាយមិនកើត»។
លោក ឃាង ថ្នាល់ បន្តថា «កាលណាអគារសិក្សាកាន់តែច្រើន សិស្សកាន់តែមករៀន ហើយរៀនមិនខ្វះសាលា ហើយបើកាលណាឃើញសាលាស្អាតពុកម៉ែ នឹងបញ្ជូនកូនមកអស់ៗមិនពិបាកដើរហៅនោះទេ»។
លោក ពៅ លីហ៊ាង នាយកវិទ្យាល័យជាស៊ីមត្បែងមានជ័យ បានថ្លែងថា អគារសិក្សា ដែលសម្តេចផ្តល់ជូននឹងជួយឲ្យការសិក្សា របស់សិស្សក្នុងវិទ្យាល័យរបស់លោក កាន់តែល្អប្រសើរ ហើយក៏ជួយឲ្យសិស្ស មិនភ័យព្រួយពីសុវត្ថិភាព ដូចការអង្គុយរៀនក្រោមសាលាទ្រុឌទ្រោមដូចមុនទៀត។ លោកបានបញ្ជាក់ដូច្នេះ «កន្លងមកអគារចាស់ទ្រុឌទ្រោម ការសិក្សាពេលភ្លៀង ពេលអីពិបាក។ អ៊ីចឹងពេលបានអគារសិក្សាថ្មី ការសិក្សាក៏ទទួលបានលទ្ធផលល្អ»។
មិនខុសពីគ្រូៗ សិស្សនុសិស្សនៅក្នុងវិទ្យាល័យត្បែងមានជ័យ បានអះអាងថា អគារសិក្សាថ្មី ដែលសម្តេចផ្តល់ នឹងចូលរួមចំណែកឲ្យការ សិក្សារបស់ពួកគេកាន់តែល្អប្រសើរ។
យុវតី ស៊េរី ពីនយ៉ាដា ដែលទើបប្រឡង់មធ្យមសិក្សាទុតិយភូមិថ្មីៗ បានបញ្ជាក់ថា «សាលាខ្ញុំមានសភាពទ្រុឌទ្រោមខ្លាំងពេលមានភ្លៀងធ្លាក់មានលិចទឹកលិចអីទៀត តែគាត់ (សម្តេចតេជោ ហ៊ុន សែន) ជាមេដឹកនាំដ៏ល្អ ពេលគាត់មកដល់ភ្លាម គាត់បានឧបត្ថម្ភជាសាលាភ្លាមៗ ដល់ពួកខ្ញុំ ដើម្បីឲ្យប្អូនៗសិស្សជំនាន់ក្រោយ បានរៀនមានភាពងាយស្រួល»។
យុវជន អ៉ឹម ពុទ្ធាសារ បានយល់ឃើញថា ការផ្តល់អគារសិក្សាថ្មី នឺងធ្វើឲ្យសិស្សរៀនកាន់តែមានផាសុខភាព។ «ការផ្តល់អគារសិក្សា ៣០បន្ទប់ហ្នឹង សិស្សានុសិស្សនៅជំនាន់ក្រោយច្បាស់ជានឹងទទួលបាននូវចំណេះដឹង និងរៀនដោយផាសុខភាព ព្រោះពួកគាត់ទទួលបានអគារថ្មី ស្រស់ស្អាត»។
ទន្ទឹមនិងការទទួលបានអគារសិក្សាគ្រូ និងសិស្ស បានសម្តែងក្តីស្រឡាញ់ចំពោះប្រមុខដឹកនាំប្រទេសកម្ពុជា និងចង់ឲ្យសម្តេចតេជោបន្ត ដឹកនាំប្រទេសទៅមុខជាបន្តបន្ទាប់ទៀត។
យុវតី ពិនយ៉ាដា បានថ្លែងដូច្នេះ «គាត់គឺជាមេដឹកនាំ ដែលយកចិត្តទុកដាក់ជាមួយប្រជាជន គឺគាត់តែតែមកមើលពីសុខទុក្ខប្រជាជន តើសកម្មភាពរស់នៅរបស់ប្រជាជនរាល់ថ្ងៃហ្នឹងមានសភាពយ៉ាងដូចម្តេច។ ដូច្នេះថ្ងៃហ្នឹងខ្ញុំមានក្តីរំភើប ដែលគាត់ (សម្តេចតេជោ ហ៊ុន សែន) បានចុះមកមើលសាលាផ្ទាល់ ដោយបានមើលពីការរស់នៅក្នុងខេត្តព្រះវិហារនេះ»។ «ខ្ញុំស្រឡាញ់គាត់ខ្លាំងមែនទែន ខ្ញុំប៉ងជួបគាត់តាំងពីតូចមកម្ល៉េះ គាត់ជាមេដឹកនាំដ៏ល្អ ហើយយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ខ្ញុំចង់ឲ្យគាត់ធ្វើជាមេដឹកនាំ រហូតខ្ញុំស្រឡាញ់គាត់»។
ក្នុងពេលចុះតាមបណ្តាសាលាសម្តេចតេជោ ហ៊ុន សែន ជាមួយគ្រូៗ និងសិស្ស បានសំណេះសំណាលជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម និងស្និទ្ធស្នាល។ សូមបញ្ជាក់សាលា ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សា ទីចាត់ការ និងហេដ្ឋារចនាសម្ព័ន្ធនានា នេះរួមមាន៖
១. សាលាបថមសិក្សាអូរទ្រលោក ស្ថិតនៅក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ផ្តល់អគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ១ ស្មើនឹង ៣បន្ទប់ និងបង្កើតអនុវិទ្យាល័យនៅទីនេះ។ ជុសជុលអគារចាស់ធ្វើក្លោងទ្វា និងដាក់អណ្ដូងទឹក ស្នប់ ២ បន្ទប់ទឹក និងរបងព័ទ្ធជុំវិញ ចាក់ដីបំពេញផ្លូវដើរក្នុងបរិវេនសាលាផងដែរ។
២. សាលាបថមសិក្សាស្រម៉ូវ ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ផ្តល់ជូនអគារសិក្សា១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ ជួសជុលអគារចាស់ធ្វើទីចាត់ការ ចាក់ផ្លូវបេតុង និងធ្វើខ្លៀងទ្វារ និងរបងព័ទ្ឋជុំវិញ និងត្រូវបង្កើតសាលានេះ ទៅជាអនុវិទ្យាល័យនៅទៅនេះ។
៣. អនុវិទ្យាល័យ និងបឋមសិក្សាហ្មសែត ស្ថិតក្នុងភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ផ្តល់ជូនសាលាបឋមសិក្សានូវអគារ សិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ ជួសជុលអគារចាស់ៗឡើងវិញ ធ្វើរបងព័ទ្ធជុំវិញ និងខ្លោងទ្វារ ធ្វើបង្គន់អានាម័យ អណ្តូងទឹក ចាក់បេតុងផ្លូដើរ និង ផ្តល់ថវិកា ៥លានរៀល និង២ពាន់ដុល្លារ សម្រាប់សិស្សានុសិស្សទៅប្រកួតកីឡាបាល់ទាន់នារី ។
៤. សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិ កំពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ផ្តល់ជូនអគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ កន្លែងស្នាក់នៅ ២ជាន់ ១០បន្ទប់ផ្តល់ និងជួយចេញថ្លៃសម្រាប់ដំណើរកម្សាន្តទៅខេត្តព្រះសីហនុ។
៥. វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតនៅក្នុងភូមិ អណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ផ្តល់ជូនអគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ និងជួសជុលអាគារចាស់ៗ ធ្វើរបងព័ទ្ធជុំវិញចាក់ផ្លូវបេតុង។ វាយអគារចាស់ចោល សាងសង់ទីចាត់ការ ១ខ្នង ៣បន្ទប់។
៦. អនុវិទ្យាល័យហ៊ុនសែនត្បែងមានជ័យ ផ្តល់ជូនអគារសិក្សា ១ខ្នង ៣ជាន់ ស្មើនិង ១៨បន្ទប់
៧. សាលាបថមសិក្សាត្បែងមានជ័យ ផ្តល់ជូនអគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ការ១ មាន ៣បន្ទប់ ចាក់បេតុងផ្លូវដើរ ធ្វើតារាងបាល់១ និងធ្វើខ្លោងទ្វារថ្មី៕