(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា «ជ័យជម្នះ៧មករា» គឺជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ ពិសេសគឺជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ។

ការថ្លែងបែបនេះរបស់លោក នេត្រ ភក្ត្រា ធ្វើឡើងក្នុងពិធីប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង១,០០០នាក់ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា ប្រជាជនកម្ពុជាបានប្រសិទ្ធនាម «ថ្ងៃជ័យជម្នះ៧មករា» ថាជា «ថ្ងៃកំណើតទី២របស់ខ្លួន, បើគ្មានថ្ងៃ៧មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»

លោកបានបញ្ជាក់ថា «ជ័យជម្នះ៧មករា គឺជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយមានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា»

លោកបានបន្តថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ៧មករា ឆ្ពោះទៅមុខឥតឈប់ឈរ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា​ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន។ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយរំលេចពីដំណើរការប្រារព្ធពិធីអបអរសាទរ ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

ជ័យជម្នះ៧មករាបានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្ដារ និងកសាងជាតិឡើងវិញពីគំនរផេះផង់ រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។

គួរជម្រាបថា ការប្រារព្ធខួបទី៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន៕