(ភ្នំពេញ)៖ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ជនភេទទី៣ និងបក្ខពួកសរុបចំនួន៥នាក់ ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

នេះបើយោងតាមការបញ្ជាក់ពីលោក វ៉ិត មឃ: អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដល់ភ្នាក់ងារ Fresh News ប្រចាំសាលដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

តាមនីតិវិធីក្រោយការចោទប្រកាន់ពីតំណាងអយ្យការ នោះសំណុំរឿងនេះ នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទ ដែលជាជនភេទទី៣ រួមជាមួយបក្ខពួកសរុប៥នាក់ទៀតថា តើត្រូវឃុំខ្លួន ឬមិនឃុំខ្លួនដាក់ពន្ធនាគារ ជាឆន្ទានុសិទ្ធរបស់ចៅក្រមដែលទទួលបន្ទុកក្នុងសំណុំរឿងខាងលើនេះ។

សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សា លើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។

កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។

គួរជម្រាបថា វីដេអូប្រហែល៣នាទី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបង្ហាញពីទង្វើអសីលធម៌របស់យុវជន យុវតីមួយក្រុមនេះ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវស សំពត់ខៀវ បែរជានាំគ្នាប្រព្រឹត្តអំពើមិនគួរគប្បីទៅវិញ៕