(កូរ៉េ)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយ ក្រុមការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍នៅថ្ងៃទី០៦-០៧ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅតំបន់ស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងតំណាងក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ រួមមាន លោក ហេង សុផាន់ណារិទ្ធ, លោក ឡាយ សុខឃៀង, លោក សេងថានី លោក ហ៊ូ សីលា និងសមាជិកក្រុមការងារមួយចំនួនទៀត។

នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា លោកអគ្គរាជទូត បានមានប្រសាសន៍ចែករំលែកទៅកាន់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមកម្មវិធីពីគុណូបការៈ និងការតស៊ូរបស់វីរជន និងវីរនារីយើង ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយថ្មីៗជាបន្តបន្ទាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់វិស័យ ការបង្កើនកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការពង្រឹងសេវាសាធារណៈ និងកិច្ចគាំពារសង្គម។ល។

លោកស្រីបានធ្វើការសង្កត់ធ្ងន់ទៅលើការពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត។ បន្ថែមពីនេះទៀត លោកស្រី បានបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ជាក់ស្តែងគឺការអនុញ្ញាតរៀបចំធ្វើលិខិតឆ្លងដែនថ្មីនៅកូរ៉េនេះ ដែលនឹងចាប់ផ្តើម ដំណើរការពីថ្ងៃទី១០ ខែមករានេះតទៅ។ នេះជាកាដូឆ្នាំថ្មីដ៏ធំមួយដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមទុកសំរាប់ជូនដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស។

ជាមួយគ្នាដែរស្ថានទូតក៏បានចាត់តាំងមន្រ្តីអមស្ថានទូត ចូលរួមរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ជាមួយសមាគមខ្មែរនៅតាមតំបន់ផ្សេងៗទៀត ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៧ ខែមករា រួមមាន៖ ថេគូ ក្វាងជូ ជេជូ និងគូមី ដែលមានសមាជិកចូលរួមសរុបទាំងអស់ប្រមាណ ៤០០នាក់ផងដែរ៕