(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រៀមកម្លាំង ១៩៣១១នាក់ សម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ -សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៅព្រឹកមិញ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងបែបនេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយអន្តរស្ថាប័ន ស្តីពីកិច្ចការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ។   

សូមជំរាបថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាថ្មី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ក៏នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ​ចុះឈ្មោះរយ:ពេលបីខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់   ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។

លោក នេត សាវឿន បានអះអាងថា ក្នុងអំឡុងនៃការចុះឈ្មោះបោះឆ្នោតថ្មីនេះ៣ខែនោះ អគ្គស្នងការនគរបាលជាតិ ក៏បានត្រៀមកម្លាំងចំនួន៥២៣៦នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត ផងដែរ ដើម្បីការពារនៅ ការិយាល័យចុះឈ្នោះបោះឆ្នោតក៏ដូចជា រក្សាការពារ សន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ៕