(កណ្ដាល)៖ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានចាត់ទុករីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាឋានសួគ៌លោកិយសម្រាប់ជីវិតប្រជាពលរដ្ឋកម្ពុជា ដែលកើតមានជាថ្មីក្រោយ «ថ្ងៃរំដោះ៧-មករា-១៩៧៩»។
អ្នកឧកញ៉ា ទ្រី ភាព បានគូសរំលេចបែបនេះក្នុងឱកាសចូលរួមពិធីអបអរសាទរខួប៤៥ឆ្នាំថ្ងៃជ័យជម្នះ៧មករា ដែលរៀបចំឡើងនៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ។ ពិធីអបអរសាទរថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងឃុំសរុបជាង៤ពាន់នាក់។
ក្នុងពិធីនោះ ក៏មានរៀបចំផ្ទាំងស្លាយផ្សាយបន្តប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងពីបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ជូនប្រជាពលរដ្ឋចូលរួមក្នុងពិធីផងដែរ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា អ្នកឧកញ៉ា ទ្រី ភាព ក៏បានឡើងថ្លែងសំណេះសំណាល។
ក្នុងនាមជាយុវជនមួយរូបធំធាត់ក្នុងសម័យខ្មែរក្រហម បាត់បង់ឱកាសសិក្សារៀនសូត្រ ហែលឆ្លងទុក្ខលំបាកមិនអាចគណនាអស់នោះ អ្នកឧកញ៉ា ទ្រី ភាព បានរំលឹកនូវភាពយង់ឃ្នង ភាពព្រៃផ្សៃ និងការនិរាសព្រាត់ប្រាស់យ៉ាងខ្លោចផ្សាររបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រៅពីរំលឹកពីទុក្ខសោក និងក្តីវេទនាទាំងឡាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានគូសរំលេចពីគុណតម្លៃថ្ងៃរំដោះ៧មករា ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ថ្ងៃកំណើតទី២ ព្រោះថាជ័យជម្នះ៧មករា ជាការរំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរចេញរណ្តៅមច្ចុរាជបនប្រល័យពូជសាសន៍ ប៉ុល ពត។
បន្ថែមពីលើនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិក្នុងរយៈពេល ៤៥ឆ្នាំ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ។ សម្រាប់អ្នកឧកញ៉ា ទ្រី ភាព ការកសាងប្រទេសក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជារឿងដ៏លំបាកបំផុត ពោលជាការស្រោចស្រង់ប្រទេសឡើងវិញ ពីគំនរផេះផង់នៃភ្លើងសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម។ ប៉ុន្តែស្មារតីស្នេហាជាតិមាតុភូមិដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយភាពឈ្លាសវៃ និងប៉ិនប្រសប់ បានកសាង និងអភិវឌ្ឍន៍ឱ្យជាតិបន្តរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកឧកញ៉ា បានហៅភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាឋានសួគ៌លោកិយសម្រាប់ប្រជាពលរដ្ឋ ក្រោយរំដោះជីវិតចេញពីឋាននរកលោកិយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បន្ទាប់ពីថ្លែងបង្ហាញពីការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេល៤៥ឆ្នាំកន្លងទៅហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រក្សាសុខសន្តិភាព រួបរួមសាមគ្គីគ្នា ដើម្បីកសាងជីវភាព កសាងសង្គមឱ្យកាន់តែរីកចម្រើន។ ជាពិសេសមិនត្រូវជឿតាមការញុះញង់ក្នុងចេតនាទុច្ចរិតណាមួយ ដែលនាំឱ្យកម្ពុជារអិលទៅរកភាពអន្តរាយជាថ្មីទៀតនោះឡើយ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភប្រជាពលរដ្ឋចូលរួមពិធីម្នាក់ៗ៣ម៉ឺនរៀល ហើយប្រកាសឧបត្ថម្ភសម្រាប់កម្មវិធីបុណ្យចូលឆ្នាំខ្មែរ ដល់ភូមិក្នុងឃុំត្បែងក្នុងមួយភូមិថវិកា២លានរៀល, វត្ត៣លានរៀល, នគរបាល និងប្រជាការពារក្នុងឃុំ២លានរៀលផងដែរ៕