ប្រតិភូ និងអត្តពលិក កីឡាអូឡាំពិក Rio 2016 បានធ្វើដំណើរមកដល់កម្ពុជា វិញហើយ
25-08-2016 19:26
(ភ្នំពេញ)៖ ប្រតិភូ មន្រ្តីដឹកនាំ គ្រូបង្វឹក និងអត្តពលិក ដែលទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅ ប្រទេសប្រេស៊ីលនោះ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយនាយប់ព្រហស្បតិ៍ ទី២៥ ខែសីហានេះ នៅព្រលានយន្ត ហោះភ្នំពេញអន្តរជាតិពោធិ៍ចិនតុង។
សមាជិកទាំងអស់ដែលវិលមកពីប្រេស៊ីល ដោយមានគ្នាសរុប ១៦រូបនោះ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា រួមជាមួយ ថ្នាក់ដឹកនាំកីឡា កីឡាករ-កីឡាការិនី និងបងប្អូនជនរួមជាតិជាតិជាច្រើនទៀត បើទោះបីជាពុំឈ្នះមេដាយក៏ដោយ។
សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិក ៦រូបក្នុងនោះមានស្រី៤រូប ស្មើនឹង៤ប្រភេទកីឡា រួមមានកីឡាហែល ទឹក (ពូ សុវិជ្ជា និង ហែម ថុន វិទិនី) កីឡារត់ប្រណាំងម៉ារ៉ាតុង (នីកូ និង លី ណារី) កីឡាបោកចំបាប់ ចូវ សុធារ៉ា និង កីឡាតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងចំណោម ២៨ប្រភេទកីឡាប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលចាប់ ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕