(ចិន)៖ មន្ត្រីជាន់ខ្ពស់ក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន បានប្រកាសជួយជំរុញការវិនិយោគពីក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជា។
ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ កាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនោះក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។
លោក Wang Luming បានជម្រាបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ ដូចជាភាពមមារញឹកនៃកំពង់ផែ និងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម។
ស្របតាមមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន និងការសហការកន្លងមករវាងកម្ពុជា និងក្រុងឈីងតាវ លោក Wang Luming បានបង្ហាញជំហរជួយជំរុញឱ្យមានការវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបលើការលើកឡើងអំពីភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគជាច្រើន ហើយជាក់ស្ដែងប្រទេសចិនបានក្លាយជាប្រទេសទី១ ដែលវិនិយោគច្រើនជាងគេបង្អស់នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា កម្ពុជាដាក់ចេញគោលដៅប្រែក្លាយសេដ្ឋកិច្ចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីសម្រេចចក្ខុវិស័យនេះទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួរនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមថែមទៀត។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងទស្សនកិច្ចនៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន។ ទស្សនកិច្ចនេះ មានគោលដៅសំខាន់ក្នុងការកៀរគរ និងបញ្ចុះបញ្ចូលអ្នកវិនិយោគចិន ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ពោលជាដំណើរគោះទ្វារផ្ទះអ្នកវិនិយោគចិន ឱ្យមកកាន់កម្ពុជា។
ដំណើរអូសទាញអ្នកវិនិយោគចិនមកកាន់កម្ពុជានេះ ក៏មានការអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា មានអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល មានដូចជា អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា វិញ ហ៊ួរ អ្នកឧកញ៉ា ឡាង កាង និងអ្នកឧកញ៉ា ទី ពិសិដ្ឋ៕