(កណ្ដាល)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៣គ្រួសារ នៅស្រុកលើកដែក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី៦ ខែមករា បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរស្រុកលើកដែក បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។

លោកនាយកសាខាបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ 

លោកបានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេកចំពោះឧបទ្ទវហេតុដែលយើងទាំងអស់គ្នាមិនចង់ឱ្យកើតមានឡើងនៅលើខ្លួនយើងទាំងអស់គ្នាឡើយ។

ជាមួយគ្នានេះ លោកនាយកសាខាក៏បានជំរុញនិងលើកទឹកចិត្តដល់ជនរងគ្រោះសូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣៖២០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ផ្លូវចូលក្បាលសាឡាងចាស់) មានករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដោយក្នុងនោះផ្ទះ២ខ្នងរងគ្រោះដោយអន្លឺ និង១ខ្លងទៀតឆេះទាំងស្រុង។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៣គ្រួសារដោយ១គ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ ក្នុងនោះផ្ទះ២ខ្នងរងគ្រោះដោយអន្លឺ ទទួលបានថវិកា៣០ម៉ឺនរៀល ដោយឡែកផ្ទះឆេះទាំងស្រុង ទទួលបាន តង់កៅស៊ូ ១ផ្ទាំង និងថវិកា៨០ម៉ឺនរៀល៕