(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយប៉ុស្ដិ៍នគរបាលផ្សារដើមគរ បន្ទាប់ពីបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ នៅចំណុចផ្លូវមុនីរ៉េត ក្រុមទី១៩ ភូមិ១០ សង្កាត់ផ្សារដើមគរ​ ដែលបានធ្វើសកម្មភាព​ប្លន់ម៉ូតូ១គ្រឿង បានសម្រេចកាលពីសប្ដាហ៍មុន។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា សង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ ពៅ យក្ស ហៅខ្វាន់ អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿង ម៉ាកSuzuki smash ព័ណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-8396 កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បន្ទាប់ពីជនរងគ្រោះឈ្មោះ អៀន វ៉ៃ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកព័ត៌មានវិទ្យា ជិះម៉ូតូមកពីផឹកស៊ី ដោយមានភាពស្រវឹង ពេលមកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូនិយាយទូរស័ព្ទ ពេលនោះជនសង្ស័យ បានដើរមកដល់ស្រែកគម្រាម ហើយច្រានជនរងគ្រោះ ចេញពីម៉ូតូ ហើយយកម៉ូតូ​ជិះគេចខ្លួនបាត់។

មន្ដ្រីដដែល បន្ដថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ រួចកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លូនតែម្ដង ក្រោយពីឃាត់ខ្លូន​សមត្ថកិច្ចដកហូតបាន Suzuki viva ព័ណ៌ខ្មៅ គ្មាន​ស្លាកលេខ កូនកាំបិតចុងស្រួច​ ផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕