(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
ពិធីផ្សព្វផ្សាយនោះ មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល សមាជិកបក្សខេត្ត សមាជិកបក្សក្រុង និងសមាជិកបក្សតាមសង្កាត់ទាំង៥ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងទាំងអស់ ព្រមទាំងបានជំរុញឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងក្រុងបាវិតគ្រប់ជាន់ថ្នាក់ បន្តអនុវត្តនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ និងកម្មវិធីនយោបាយគណបក្សឱ្យបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងឱ្យបានជោគជ័យដើម្បីភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិ និងដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។
លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបន្តទៀតថា ដើម្បីបង្កើននូវភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិៗ ចាប់ផ្តើមពីពេលនេះទៅ សមាជិក សមាជិកាបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងខិតខំរក្សាឱ្យបាននូវកម្លាំងនយោបាយគណបក្ស កសាងភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទាញបាននូវការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមពីប្រជាពលរដ្ឋ។
លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ក្រុមការងារ និងគណបក្សក្រុងកន្លងមក។ ទឹកចិត្ត និងការចូលរួមរបស់សមាជិកបក្សទាំងអស់ គឺមានតម្លៃធំធេងណាស់សម្រាប់ជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ត្រូវការភាពជាអ្នកដឹកនាំមិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា។ ការពលី និងបេសកកម្មរបស់យើងទាំងអស់គ្នា មិនចប់ទេសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ដរាបណាយើងនៅមានជីវិត។
លោក លី ធុជ បានសំណូមពរឱ្យសមាជិកបក្សគ្រប់ជាន់ថ្នាក់ បន្តរក្សាឱ្យនូវភាពជឿទុកចិត្តពីប្រជាពលរដ្ឋ បន្តកសាងនូវកម្លាំងយុវជន និងបន្តចិញ្ចឹមចលនាមហាជន តាមរយៈការប្រាស្រ័យទាក់ទង និងការចុះមូលដ្ឋានជាប្រចាំ៕