(ភ្នំពេញ)៖ ក្រុមមេធាវីរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យបង្អង់នីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ខណៈដែលចៅក្រមស៊ើបសួរបានបញ្ជូនសំណុំរឿង «មិនចូលខ្លួនក្នុងនាមជាសាក្សីរបស់ លោក កឹម សុខា» ទៅជំនុំជម្រះ។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យ លោក កឹម សុខា បានប្រាប់ Fresh News ឱ្យដឹងថា ការបញ្ជូនសំណុំរឿង របស់កូនក្តីលោកទៅជំនុំជំរះនោះ គឺមិនត្រឹមត្រូវទេ ដោយសារតែកូនក្តីរបស់លោក នៅមានអភ័យឯកសិទ្ធិនៅឡើយ ដូច្នេះក្រុមមេធាវីបានសម្រេចស្នើឱ្យឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់ និងការអនុវត្តនីតិវិធីលើ លោក កឹម សុខា រហូតមានការស្នើលើអភ័យឯកសិទ្ធិជាមុនសិន។
លោក សំ សុគង់ បានឱ្យដឹងថា «ការចោទប្រកាន់កន្លងមក គឺកូនក្តីរបស់ខ្ញុំ នៅមានអភ័យឯកសិទ្ធិរដ្ឋសភា ហើយការចោទប្រកាន់នេះ មិនមែនជាបទល្មើសជាក់ស្តែងទេ បើមិនមែនជាបទល្មើសជាក់ស្តែង តុលាការមុននឹងដំណើរការនីតិវិធីមួយ ធ្វើយ៉ាងម៉េចត្រូវព្យួអភ័យឯកសិទ្ធិសិន»។
លោកបានបន្ថែមថា កូនក្តីរបស់លោក មានហេតុផលសមរម្យក្នុងការមិនចូលខ្លួនឆ្លើយបំភ្លឺ ដោយលោកបានបំពេញការងារដើម្បីបុព្វហេតុជាតិ ដូច្នេះក្រុមមេធាវីបានស្នើឱ្យឧទ្ធរណ៍ បង្អង់នីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយឱ្យទម្លាក់ចោលការចោទប្រកាន់។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលជាសាក្សីនៅក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានអវត្តមានក្នុងការចូលបំភ្លឺជូនតុលាការចំនួន២លើក កាលពីចុងខែឧសភា កន្លងទៅ ដែលធ្វើឱ្យតុលាការចាត់ទុកថានេះជាការមិនសហការ ព្រមទាំងកំណត់ថា នេះក៏ជាបទល្មើសជាក់ស្តែងថ្មីមួយ ដែលមិនចូលខ្លួនតាមការកោះហៅក្នុងនាមជាសាក្សីម្នាក់។
រហូតដល់ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ បានចេញដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបញ្ជាក់ប្រាប់ថាសំណុំរឿងនេះត្រូវបានបិទការស៊ើបសួរហើយ ដោយបញ្ជូនសំណុំរឿងទៅកាន់ចៅក្រម ជំនុំជម្រះ តែម្តង៕