(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែសីហានេះ បានចេញសេចក្តីបំភ្លឺ ជុំវិញបញ្ហាគំរូហត្ថលេខាលើ វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ ឬ CO របស់លោក ម៉ក់ ឧសភា អគ្គនាយកសេវាពាណិជ្ជកម្ម បន្ទាប់ពីមន្ត្រីគយថៃ មិនព្រមទទួលស្គាល់នូវហត្ថលេខានេះ និងមិនអនុញ្ញាតឲ្យទំនិញកសិផលកម្ពុជា នាំចូលទៅកាន់ប្រទេសថៃបាន។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្មបានកំពុងដោះស្រាយ ជាមួយក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដោយក្នុងនោះ លោក ម៉ក់ ឧសភា បានធ្វើការកែសម្រួល និងផ្ញើគំរូហត្ថលេខាថ្មី ទៅកាន់ប្រទេសថៃ និងបណ្តាប្រទេសនានា រួចអស់ហើយតាំងពីដើមខែសីហា ដូច្នេះបញ្ហាគំរូហត្ថលេខាដែលលំអៀងនេះ នឹងត្រូវបានដោះស្រាយ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មសូមធ្វើការអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន ជាពិសេសបងប្អូនពាណិជ្ជករ ដែលធ្វើការនាំកសិផល ទៅកាន់ប្រទេសនានា នឹងមានការអត់ធ្មត់ និងយោគយល់ខ្ពស់នៅក្នុងដំណាក់នេះ។
ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាបន្តធ្វើការកែលំអរការផ្តល់សេវាសាធារណៈ ជូនសាធារណជន និងបងប្អូនពាណិជ្ជករឲ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត។ សម្រាប់ករណីបន្ទាន់ សូមទំនាក់ទំនងមកកាន់លេខ ០១២ ៧៨៤ ៨៨៨ ឬ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ+៦៦ ៨៣៣ ៩៩៦ ៧៨៩៕