(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤នេះ លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនៅក្នុងមិទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ឌិត ទីណា បានរំឭកឡើងវិញអំពីសច្ចភាពនៃទិវាជ័យជម្នះ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំការរំដោះប្រទេសកម្ពុជា ចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ របបប្រល័យពូជសាសន៍ប៉ុលពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
នៅក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបសម្លាប់រង្គាល ដឹកនាំដោយប៉ុលពត។ ចំណងគ្រួសារ របៀបរបបរស់នៅ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនត្រូវបានបំផ្លាញចោលទាំងស្រុង។ ក្រោមមនោគមវិជ្ជាជ្រុលនីយម ប្រជាពលរដ្ឋខ្មែរចំនួន៧លាននាក់ ត្រូវរស់នៅរងទុក្ខវេទនាដូចធ្លាក់នរកទាំងរស់ ហើយក្នុងចំណោមនោះ មានជិត៣លាននាក់ត្រូវស្លាប់បាត់បង់ជីវិត។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសកម្ពុជាពីក្រញ៉ាំប៉ុលពតប៉ុណ្ណោះទេ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំទាំងអស់នៃគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងឥតឈប់ឈរដោយមិនខ្លាចនឿយហត់ ដឹកនាំកសាងប្រទេសឡើងវិញចាប់តាំងពីបាតដៃទទេ រហូតទទួលបានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
ក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។
បើតាមលោក ឌិត ទីណា, សច្ចភាពប្រវត្តិសាស្ត្រនេះ បើទោះបីជាពេលវេលាកន្លងផុតទៅអស់រយៈពេល ៤៥ឆ្នាំកន្លងទៅហើយក្ដី ឬយូរប៉ុណ្ណាក៏ដោយ យុវជនបន្តវេនចាំបាច់ត្រូវតែចងចាំស្មារតី៧មករា នឹងដឹងគុណដល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរជនអ្នករំដោះទាំងឡាយ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។
យុវជនបន្តវេនត្រូវប្ដេជ្ញាឲ្យខាងតែបាន ដើម្បីបញ្ជៀសកុំឲ្យប្រវត្តិសាស្ត្រដ៏ជូរចត់នេះកើតឡើងច្រំដែលលើមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទៀត។ យុវជនបន្តវេនត្រូវប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាពដែលគណបក្សប្រជាជនកម្ពុជាបានដណ្ដើមបានយ៉ាងលំបាកពីក្រញ៉ាំប៉ុលពត និងរួមគ្នាជាធ្លុងមួយ រុញច្រាននាវាកម្ពុជាឲ្យលូតលឿនទៅមុខ ក្រោមម្លប់សន្តិភាពជានិច្ចនិរន្តរ៍។
លោករដ្ឋមន្ដ្រីសូមឧទ្ទិសឲ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ។ លោកសង្កត់ធ្ងន់ថា តាមរយៈស្មារតី ៧ មករា ១៩៧៩ កម្ពុជាសម្រចបាននូវសន្តិភាពពេញលេញ និងការអភិវឌ្ឍ និងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕