(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូ និងយកចិត្តទុកដាក់ ចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងជនរងគ្រោះនានា។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានពាំនាំការយកចិត្តទុកដាក់ពីសំណាក់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើរដល់លោកតាលោកយាយ ត្រូវថែរក្សាសុខភាពឲ្យបានល្អប្រសើរ មានអនាម័យក្នុងការរស់នៅ ព្រមទាំងធ្វើលំហាត់ប្រាណ ដើម្បីបន្តរស់នៅ បានយូរអង្វែង ពិសេសដើម្បីបន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អំណោយដែលយកទៅប្រគល់ជូនគ្រួសារក្រីក្រទាំង៣០គ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ និងថវិកា៣ម៉ឺនរៀល៕