(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ របស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់។

ពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសិរីមង្គលភូស៊ីណូ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្នុងខេត្តមួយចំនួនទៀត នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

លោក ចាប នាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ បានរាយការណ៍ថា បច្ចុប្បន្នសកម្មជនក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្រុងសរុបមានចំនួន៧៦នាក់ ដោយឡែកក្រុងពោធិ៍សាត់មាន៣ក្រុមផ្សេងទៀត គឺក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងពោធិ៍សាត់ ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងក្រុមសមាគមសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត។

សកម្មភាពការងារនិងសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ បានចូលរួមយ៉ាងសកម្មក្នុងការងារចុះមូលដ្ឋានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើជាភ្នាក់ងារគណបក្ស និងបានចូលរួមជាមួយអាជ្ញាធរក្នុងការក្ដាប់ស្ថានភាពសតិអារម្មណ៍នៅមូលដ្ឋាន។ យុវជនយើងមួយចំនួនជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមផ្ដល់សេវាសាធារណៈ ការងារសង្គម វប្បធម៌ សាសនា ការលើកកម្ពស់វិស័យអប់រំ កីឡា និងសុខមាលភាពសង្គម។ ជាមួយគ្នានេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្ដាល លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការងារអភិវឌ្ឍន៍ និងបណ្ដាញសង្គមជាដើម។ យើងមានការខ្វះខាតមធ្យោបាយ និងថវិកា សម្រាប់ជួយគាំទ្រដល់យុវជនដែលមានជីវភាពខ្វះខាត តែយុវជនយើងនៅតែមានទឹកចិត្ត ឆន្ទះ និងមនសិកា ក្នុងការជួយគាំទ្រដល់សកម្មភាពការងារ របស់គណបក្សប្រជាជនកម្ពុជាជានិច្ច។

លោក ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ក្រុមយុវជនទាំងអស់ ដែលបានសហការគ្នាល្អក្នុងការជួយការងារបក្ស ការងារសង្គម និងជួយប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗ។ កិច្ចប្រជុំថ្ងៃនេះជាការឆ្លុះបញ្ចាំងអំពីលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចរបស់យុវជនក្នុងឆ្នាំ២០២៣កន្លងមក និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណូមពរ ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅសម្រេចជោគជ័យថ្មីៗបន្ថែមទៀត។

ទិសដៅសំខាន់ៗដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤នេះ ក្រុមយុវជនត្រូវសហការឲ្យបានស្អិតរមួតជាមួយគណបក្សក្រុង សង្កាត់ និងក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង។ ខិតខំធ្វើអំពើល្អទាំងក្នុងកិច្ចការរដ្ឋ ការងារបក្ស ការទំនាក់ទំនងសាធារណៈ ដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ ឲ្យគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជារបស់យើង។ បន្តចុះសួរសុខទុក្ខ និងជួយសមាជិកបក្សនៅតាមខ្នងផ្ទះ ជាមួយក្រុមការងារចុះមូលដ្ឋាន។ បន្តចូលរួមសកម្មភាពសង្គមលើកិច្ចការវប្បធម៌ សាសនា សិល្បះ អប់រំ កីឡា សុខភាព និងជួយជនរងគ្រោះនិងជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។ ចូលរួមកិច្ចការសាធារណៈមតិ ដើម្បីគាំទ្រគណបក្សនៅលើប្រព័ន្ធបណ្ដាញសង្គម និងពង្រឹងសមត្ថភាពជាប់ជាប្រចាំ លើកិច្ចការជំនាញនិងបច្ចេកវិទ្យា ព្រមទាំងត្រៀមលក្ខណៈចូលរួមគ្រប់សកម្មភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន។ ក្នុងឱកាសនោះក៏មានធ្វើពិធីប្រគល់លិខិតសរសើរ ជូនដល់ក្រុមយុវជន ដែលបានខិតខំបំពេញការងារកន្លងមកផងដែរ៕