(ចិន)៖ ក្នុងដំណើរកៀរគរអ្នកវិនិយោគចិនចូលមកវិនិយោគនៅកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាផងនោះ បានអញ្ជើញទស្សនកិច្ចរោងចក្រធំៗចំនួន៣ នៅក្រុងឈីងតាវ​ ខេត្តសានដុង ប្រទេសចិន។

ក្រុមហ៊ុនទាំង៣នោះរួមមាន៖
១៖ ក្រុមហ៊ុន MESNAC គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០ហិកតាដែលជាក្រុមហ៊ុន​ផលិត និងនាំចេញឧបករណ៍​កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។
២៖ ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេសក្នុងតំបន់​អាស៊ីរួមទាំងកម្ពុជាផងដែរ។
៣៖ Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃនិងប្រព័ន្ធឃ្លាំង និងប្រព័ន្ធ​ដឹកជញ្ជូន​ឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផលទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei​ ក្រុមហ៊ុន Ford​ និងក្រុមហ៊ុន Toyota ជាដើម។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងទស្សនកិច្ចនៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន។ ទស្សនកិច្ចនេះ មានគោលដៅសំខាន់ក្នុងការកៀរគរ និងបញ្ចុះបញ្ចូលអ្នកវិនិយោគចិន ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ពោលជាដំណើរគោះទ្វារផ្ទះអ្នកវិនិយោគចិន ឱ្យមកកាន់កម្ពុជា។

ដំណើរអូសទាញអ្នកវិនិយោគចិនមកកាន់កម្ពុជានេះ ក៏មានការអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា មានអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល មានដូចជា អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា វិញ ហ៊ួរ អ្នកឧកញ៉ា ឡាង កាង និងអ្នកឧកញ៉ា ទី ពិសិដ្ឋ៕