(កំពង់ធំ)៖ លោក វ៉ាត់ ចំរើន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក បានជំរុញ និងលើកទឹកចិត្តដល់ចាស់ៗ ពិសេសប្រជាពលរដ្ឋរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឧស្សាហ៍និយាយពីប្រវត្តិ និងរំលឹកពីគុណបំណាច់ទិវាជ័យជម្នះ ៧មករា ដល់កូនចៅរបស់ខ្លួន ដើម្បីស្វែងយល់ ចងចាំ និងដឹងគុណ ចំពោះការលះបង់របស់វីរយុទ្ធជន-យុទ្ធនារី និងថ្នាក់ដឹកនាំ ដើម្បីរំដោះជីវិតប្រជាជនពីរបបដ៏ខ្មៅងងឹត និងចូលរួមការពារនូវសមិទ្ធផលនានា ជាមួយរាជរដ្ឋាភិបាល ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.មករា.១៩៧៩-០៧.មករា.២០២៤) ជាមួយថ្នាក់ដឹកនាំស្រុកតាំងគោក អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នៅវត្តស្រះល្វាកណ្ដាល នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២២៤ នេះ ។

ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន បានរំលេចនូវសារសំខាន់ៗ នៅក្នុងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដល់ថ្នាក់ដឹកនាំភូមិ-ឃុំ និងស្រុក ពិសេសប្រជាពលរដ្ឋ ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន ។

លោកថា ដោយសារមានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបប្រជាជនកម្ពុជា មានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ មានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបរបរទទួលទានចិញ្ចឹមជីវផ្សេងៗ ទាំងជំនឿ សាសនា និងទទួលបាននូវលទ្ធិប្រជាធិបតេយ្យ ប្រជាជនក្លាយពីទាសករទៅជាអ្នកធ្វើជាម្ចាស់ក្នុងការចាត់ចែងជោគវាសនារបស់ខ្លួន និងមាតុភូមិខ្លួនដែលប្រែក្លាយពីវាលពិឃាតទៅជាទឹកដីស្រស់បំព្រងឡើងវិញ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបាននូវសន្ដិភាពពេញលេញ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងបរិបទសង្គមប្រជាធិបតេយ្យ ។

តាមរយៈនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាស់ៗ ដែលឆ្លាប់ឆ្លងកាត់របបដ៏ខ្មៅងងឹតនេះ ត្រូវឧស្សាហ៍រំឮកប្រាប់កូនចៅរបស់ខ្លួន អំពីរបបដែលមិនស្គាល់ឪពុក-ម្ដាយ ជំនួសដោយពាក្យ “សមមិត្ដ” គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានសាសនា សាលារៀនបង្រៀនតែរឿងបដិវត្ដ ដើម្បីកុំឲ្យពួកគេភ្លេច ឬដើរទៅរកដានចាស់ ដូចក្រុមប្រឆាំងមួយមួយចំនួន ដែលភ្លេចកំណើត ហើយពោលពាក្យថា ៧មករា គឺជាការភូតកុហក ។ ដូច្នេះត្រូវរួមគ្នាសិក្សាស្វែងយល់ពីប្រវត្តិសាស្ដ្រដ៏ជូចត់របស់កម្ពុជា ហើយរួមគ្នាការពារនូវរាល់សមិទ្ធិផលនានា ដែលកើតចេញក្រោយថ្ងៃរំដោះ ៧មករា និងបន្ដរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងទៅថ្ងៃអនាគតបន្ដទៀត ៕