(ភ្នំពេញ)៖ នៅក្នុងចំណោមសំណើពីរដែលធ្វើឡើងដោយក្រុមតំណាងរាស្រ្តប្រឆាំង និងគណបក្សសង្រ្គោះជាតិនោះ ក្រសួងមហាផ្ទៃទើបទទួលបានតែ១ប៉ុណ្ណោះ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ Fresh News នៅល្ងាចនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា លោកទើបនឹងឃើញលិខិតពីរដ្ឋសភា ដែលធ្វើឡើងដោយក្រុមតំណាងរាស្រ្ត ដើម្បីឱ្យចាត់វិធានការលើជនជាតិវៀតណាមដែលទទួលបានអត្តសញ្ញាបណ្ណខ្មែរខុសច្បាប់ប៉ុណ្ណោះ ប៉ុន្តែឯលិខិតមួយចំនួនទៀត លោកមិនទាន់ឃើញនៅឡើយទេ។
លោកថា ចំពោះសំណើរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ដែលក្រសួងទទួលបាននេះ នឹងដាក់ជូនសម្តេចក្រឡាហោម ស ខេង ជាអ្នកសម្រេច។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង កាលពីថ្ងៃទី២៣ និង២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ បានសរសេរលិខិតចំនួន៣ច្បាប់ ដើម្បីផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនោះ មានការស្នើឱ្យចាត់វិធានការទប់ស្កាត់ ជនអន្តោប្រវេសន៍ ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសច្បាប់ដើម្បីយកទៅប្រើប្រាស់ ក្នុងការចុះឈ្មោះបោះឆ្នោត ការស្នើឱ្យចាត់វិធានការបន្ថែម ដើម្បីបញ្ឈប់ការជួលដីខ្មែរ នៅតាមព្រំដែនឱ្យទៅជនជាតិវៀតណាម នៅក្នុងទឹកដីខេត្តស្វាយរៀង និងការស្នើសុំបញ្ជីរាយនាមជនបរទេសទាំងអស់នៅកម្ពុជា ដែលបានទទួលសញ្ជាតិខ្មែរស្របច្បាប់ពីក្រសួងមហាផ្ទៃ ជាដើម៕