(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានលើកឡើងថា សមាជិកគណៈកម្មាធិការកណ្តាលទាំង១៣១២រូប សុទ្ធតែមានឱកាសក្លាយជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអនាគត។

លោកលើកឡើងបែបនេះ ជាការឆ្លើយតបនឹងសំណួរ នៃកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍នេះ ក្រោមប្រធានបទ «ការបញ្ចូលរូប សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនិមិត្តសញ្ញាប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករា និងការឃោសនាបោះឆ្នោត»

កាលពីខែធ្នូកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ព្រមទាំងបន្ថែមសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ដល់៥៨រូប និងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលដល់ចំនួន ១៣១២រូប។

នៅក្នុងកិច្ចពិភាក្សា លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ក្នុងចំណោមសមាជិកគណៈកម្មាធិការកណ្តាលទាំង១៣១២រូប នរណាក៏មានសិទ្ធិ និងឱកាសក្នុងការទៅដឹកនាំគណបក្សនៅថ្ងៃអនាគតដែរ ដែលនេះជាសេរីភាព និងប្រជាធិបតេយ្យផ្ទៃបក្ស ដែលធ្វើការសម្រេចទៅតាមលក្ខន្តិកៈរបស់គណបក្ស ប្រកួតប្រជែងដោយការបោះឆ្នោតជាសម្ងាត់ ដោយការលើកដៃ។

ទោះជាយ៉ាងនេះក្តី លោកថា ការរៀបចំសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ឬអនុប្រធានគណបក្ស គឺជារចនាសម្ព័ន្ធគ្រប់គ្រង ប៉ុន្តែសិទ្ធិរបស់ប្រជាជនដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺត្រូវបានជូនទៅប្រជាជនជាសមាជិករបស់យើង។

លោកបញ្ជាក់ថា៖ «សម្តេចតេជោ បាននិយាយហើយថា មិនមែនតែ សម្តេចធិបតី ហ៊ុន ម៉ាណែត ទេ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវឈរដាច់ខាតនៅក្នុងការការពារសិទ្ធិសេរីភាព អធិបតេយ្យភាព និងភាពសុខសាន្តរបស់ប្រជាជន អញ្ចឹងដូច្នេះកូនរបស់ប្រជាជនយើង គឺមានឱកាសដូចគ្នា នៅពេលធ្វើការប្រកួតប្រជែងស្របតាមសមត្ថភាព លទ្ធភាព ស្របតាមគុណធម៌ និងគុណសម្បត្តិនីមួយៗ»

សូមទស្សនាការលើកឡើងរបស់ លោក សួស យ៉ារ៉ា៖