(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជម្នះ៧មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការចូលរួមពីសមាជិក-សមាជិកាគណបក្សសរុបប្រមាណ៧៣៥០នាក់។

នាឱកាសនោះ គណៈកម្មាធិការគណបក្សខេត្ត បានអាននូវសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយរំលេចពីដំណើរការប្រារព្ធពិធីអបអរសាទរ ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ជ័យជម្នះ៧មករា គឺជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយមានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

លោកបានបន្តថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ៧មករា ឆ្ពោះទៅមុខឥតឈប់ឈរ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា​ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន។ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

គួរជម្រាបថា ការប្រារព្ធខួបទី៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន៕