(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍នេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីមូលហេតុ នៃការដាក់បញ្ចូលបន្ថែមរូប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅក្នុងនិមិត្តសញ្ញា ឬស្លាកយីហោរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ប្រារព្ធខួបទិវាជ័យជម្នះ៧មករា និងយុទ្ធនាការឃោសនាបោះឆ្នោតនានា នៅពេលខាងមុខ។

មូលហេតុសំខាន់ ត្រូវបាន លោក សួស យ៉ារ៉ា បញ្ជាក់ថា ដោយសារតែ សម្តេចធិបតីជា នាយករដ្ឋមន្រ្តីផង និងជាអនុប្រធានគណបក្សដែលកំពុងមានប្រជាប្រិយភាពផង។ ខណៈដែលជំនាន់មុន ស្លាកសញ្ញានេះ ក៏មានឥស្សរជនជាន់ខ្ពស់៣រូបផងដែរ ដោយម្នាក់ជាប្រធានបក្ស ម្នាក់ជាប្រធានកិត្តិយស និងម្នាក់ទៀតជាអនុប្រធានបក្ស និងកាន់តំណែងជានាយករដ្ឋមន្រ្តី។

លោក សួស យ៉ារ៉ា បានលើកឡើងអំពីប្រជាប្រិយភាព និងភាពស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបំពេញការងារប្រកបដោយវីរភាពកន្លងមក ក្នុងនោះការដឹកនាំកងទ័ពអាវសជួយសង្គ្រោះប្រជាពលរដ្ឋ អំឡុងរាតត្បាតជំងឺកូវីដ១៩ និងជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ កន្លងទៅនេះ ដែលគ្រប់គ្នាបានលឺហើយនូវការឃោសនាថា «គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្រសម្តេចធិបតីជានាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត»

សូមស្តាប់ការលើកឡើងរបស់ លោក សួស យ៉ារ៉ា៖