(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិត ២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤។ នេះបើតាមលោក គឹម សន្តិភាព​ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥ នាក់ (ស្រី ២៨ នាក់)»

ក្នុងចំណោមទណ្ឌិតទាំង ២៤៥នាក់ ដែលត្រូវបានបន្ថូរបន្ថយទោស រួមមាន៖

* បន្ថយទោសរយៈពេល ៣ ខែ ចំនួន ១៧៨ នាក់ (ស្រី ១៨ នាក់)
* បន្ថយទោសរយៈពេល ៦ ខែ ចំនួន ៥៧ នាក់ (ស្រី ០៩នាក់)
* បន្ថយទោសរយៈពេល ៩ ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់)
* បន្ថយទោសរយៈពេល ១២ ខែ ចំនួន ០១ នាក់ (ស្រី ០០ នាក់)
* បន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ  ចំនួន ០១ នាក់ (ស្រី ០០ នាក់)
* លើកលែងទោស៖ គ្មាន ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖

១៖ ចំពោះបទល្មើសទូទៅ
* ឧក្រិដ្ឋជនគ្រឿងញៀន
* អំពើសាហាវយង់ឃ្នង
* ករណីមិនរាងចាល
* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។

២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
* ជនរងគ្រោះជាសាច់សាលោហិត
* ករណីរំលោភបូក
* ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕