(ភ្នំពេញ)៖ ជា​ច្រើនលើក​ច្រើនសារ​ ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែងតែព្រួយ​បារម្ភ​​ អំពី​ក្រុម​ណា​ក៏​ដោយ​ដែល​បង្កើត​ចលនា ​ដើម្បី​គៀងគរ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ច្បាប់ ដែលត្រូវ​បាន​លោក​ចាត់​ទុកថា ជាដើម​ចម​ និងជាសញ្ញានៃការចាប់ផ្តើម​នៃ​បដិវត្តពណ៌​។ ដោយមើលឃើញ​គំរូ នៃ​បណ្តា​ប្រទេសមួយចំនួន​​ដែល​ធ្លាប់​ឆ្លងកាត់​បដិវត្ត​ពណ៌​នេះ​ឃើញថា ទទួរងនូវការ​វិនាស​ បែកខ្ញែកទឹកដី ប្រជាពលរដ្ឋ​រងទុក្ខវេទនា​រកទីបំផុតគ្មាន ទើប​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​​តែងតែ​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​ខិតខំ​ថែរក្សា​​សន្តិភាព​មួយនេះ​ឲ្យបានគង់វង្ស កុំជឿតាមការញុះញង់របស់​ជនមួយចំនួន ព្រោះ​ដោយសារ​​​សន្តិភាពដែលមានសព្វថ្ងៃនេះ​គឺពិបាកនឹងស្វែងរក ពិបាក​នឹង​បង្រួបបង្រួមណាស់​។​ ខាងក្រោម​នេះ​គឺ​ជា​ប្រទេស​ដែល​ទទួលរង​នូវ​ភាពហិនហោច​ដោយសារ​បដិវត្តពណ៌ និង​ការឈ្លានពាន​ពី​ប្រទេស​មហាអំណាច​ ដែលកើតឡើងចេញពីការ​ប្រមូលផ្តុំគ្នា​ក្រោមលេសផ្សេងៗ រហូតបង្កចលាចល បង្កើតអស្ថិរភាពក្នុងប្រទេស ធ្លាក់​ចូលក្នុង​ភ្លើង​សង្គ្រាម​រាំរៃ​មិនអាចងើបរួចឡើយ​។

១៖ ប្រទេសអ៊ីរ៉ាក់​ ត្រូវ​បានលោក ច៉ច ដាប់បែលយូប៊ូស ប្រកាសសង្គ្រាម​ឈ្លានពាន​នៅ​ឆ្នាំ​២០០៣ ​ដោយសហរដ្ឋអាមេរិក យកលេស​ថែ​រក្សា​សន្តិភាពចូលកម្ទេច​កាន់កាប់​​ប្រទេសដែលសម្បូរប្រេងមួយនេះ ដោយ​ទម្លាក់លោក សាដាម ហ៊ូសេន ឲ្យចុះចេញពីតំណែង។ ១០ឆ្នាំ​ក្រោយមក បន្ទាប់​ពីសហរដ្ឋអាមេរិក​ប្រកាស​កាត់បន្ថយទ័ពពីប្រទេសអ៊ីរ៉ាក់ លោក​បណ្ឌិត​ Wael al dalaimy សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Diego ដែលមានបងប្អូននៅ​ប្រទេសអ៊ីរ៉ាក់ បានប្រាប់​សារព័ត៌មាន KPBS News ថា ​បន្ទាប់​ពី​សង្គ្រាម​ត្រូវ​បាន​មើលឃើញ​ថា​ មិន​មាន​អ្វី​ប្រសើរជាង​មុនពេល​សហរដ្ឋអាមេរិក​លូកដៃឈ្លានពានចូលក្នុង​ប្រទេសអ៊ីរ៉ាក់​នាឆ្នាំ​២០០៣ នោះទេ​ នៅក្នុង​ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ​អសន្តិសុខ និង​​ពុករលួយយ៉ាងខ្លាំង​ ជីវិត​រស់នៅរបស់ប្រជាពលរដ្ឋប្រចាំ​ថ្ងៃ​ប្រឈមមុខ​នឹង​អំពើហិង្សាយ៉ាងឃោរឃៅ ភាព​អសន្តិសុខ ហើយ​ប្រជាពលរដ្ឋ​​អ៊ឺរ៉ាក់ភាគច្រើន​​ស្តាយក្រោយ​ និង​ចង់​ឲ្យ​ប្រទេស​នេះ​វិលទៅរក​របប​ដឹកនាំ​លោក សាដាម ហ៊ូសេន វិញ។

២៖ ប្រទេស​ លីប៊ី​ ៥ឆ្នាំ​ក្រោយ​ពេលដែល​មេដឹកនាំ​ លី​ប៊ី លោក​ ហ្គាដាហ្វី ​ត្រូវបាន​លោកខាងលិច​ទម្លាក់​ពី​តំណែង ដោយ​សង្ឃឹមថា ​សន្តិសុខ សន្តិភាព និង​ប្រជាធិបតេយ្យ​ផុស​រូបរាង​ឡើង​នោះ​ នៅ​តែជា​​សុបិន្ត​នៅឡើយ​។ ប្រទេស​សម្បូរហូរហៀរ​ដោយ​ប្រេង ​និង​ធនធាន​ថាមពល​មួយនេះបែក​ខ្ចាត់ខ្ចាយ​ធ្លាក់​ក្នុង​ភាពចលាចល​ក្រោយ​បាត់បង់​បុរស​ខ្លាំងរបស់ខ្លួន។ ​​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​លើក​បន្ទុប​ដោយ​លោកខាងលិចនោះ​​​អសមត្ថភាព​ក្នុងការដឹកនាំប្រទេស​ ​មានជម្លោះ​នយោបាយផ្ទៃក្នុង រហូត​​បែកខ្ញែក​គ្នា​​បង្កើត​ចេញ​ជា​រដ្ឋាភិបាល​ពីរ​។ ​​មិន​ត្រឹមតែ​ប៉ុណ្ណោះទឹកដី​ដែល​ធ្លាប់​សុខសាន្ត​បាន​ក្លាយ ជា​ឋានសួគ៌​សម្រាប់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ធ្វើព្យុះធ្វើភ្លៀង បង្ហូរឈាម​ជនស្លូតត្រង់ដោយអណាធិបតេយ្យ​។​ បញ្ហា​ទាំងនេះ​បង្ខំ​ឲ្យ​ប្រជាជន​លី​ប៊ី​រាប់ពាន់នាក់​រត់​ភៀសខ្លួន​ផ្សងព្រេងលែង​ខ្លាច​សេច​​ក្តី​ស្លាប់​ដើម្បី​រក​ជម្រក​ថ្មី​ និង​កសាង​ជីវិត​ថ្មី​នៅប្រទេស​ផ្សេង​។ ​​

៣៖ ប្រទេស​យេមេន បន្ទាប់ពី​ធ្វើបាតុកម្ម​ទម្លាក់​លោកនាយករដ្ឋមន្ត្រី Ali Abdullah Saleh ដោយ​ប្រមូលផ្តុំគ្នា​​ថ្ងៃសុក្រ ដែលហៅថា Friday of Anger (​ថ្ងៃសុក្រនៃកំហឹង​)។ បន្ទាប់ពីការធ្វើ​បដិវត្ត​ទម្លាក់រដ្ឋាភិបាល​លោក Saleh ប្រទេសទេសធំទីពីរ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត​មួយនេះ​ បានធ្លាក់ចូលក្នុងសង្គ្រាម ស៊ីវិល បែងចែក​ប្រទេសជាបីផ្នែកគ្រប់គ្រងដោយ​​ក្រុមឧទ្ទាមចំនួនពីរផ្នែក និងមួយផ្នែកទៀតគ្រប់គ្រងដោយរដ្ឋាភិបាល​។ រៀងរាល់ថ្ងៃក្រុមឧទ្ទាមក្នុងប្រទេសនេះ​ បាន​អុកឡុក​វាយប្រហារ បំផ្ទុះគ្រាប់បែកនៅក្នុង​ប្រទេស ប្រយុទ្ធគ្នាដណ្តើមផលប្រយោជន៍ និងអំណាច​ឥតឈប់ឈរ​​។ ក្នុងប្រទេសយេមេនសព្វថ្ងៃ​កំពុងត្រូវបំផ្លាញ​ដោយ​សារសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់​យេម៉េនជាច្រើនម៉ឺននាក់​បានស្លាប់​ និងជាច្រើន​ រាប់សិបម៉ឺននាក់ខ្លះទៀត​​​រត់ភៀសខ្លួន ជម្លៀសចេញពីប្រទេសនេះ ដែលធ្វើ​ឲ្យប្រទេសមួយនេះ​ក្លាយជាប្រទេសដែលក្រីក្របំផុតនៅមជ្ឈិមបូព៌ា។​

៤៖ ប្រទេស អ៊ុយ ក្រែន បន្ទាប់​ពី​មានបាតុកម្មហិង្សាក្នុងទីក្រុងគៀវនៅឆ្នាំ​ ២០១៤ ប្រឆាំងនឹងសមត្ថកិច្ចទាមទារទម្លាក់ប្រធានាធិបតី​ Viktor Yanukovych ដែលជាប់ឆ្នោតនៅឆ្នាំ​២០១០នោះ​។ រហូតមកដល់​ពេលបច្ចុប្បន្ននេះ​ នៅក្នុង​ប្រទេសអ៊ុយក្រែនកំពុងមានសង្គ្រាមស៊ីវិល ដែលក្នុងរយៈពេល ២០ខែចុងក្រោយនេះ​ បានសម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់ចំនួនប្រមាណ​ ៩០០០នាក់ ​ក្រុមប្រដាប់អាវុធចំនួន​ប្រមាណ​ ៩១១៥នាក់ ហើយជនរងគ្រោះមានប្រមាណ ២០៧៩៧នាក់ នេះ​បើយោងតាម​សារពត៌មាន Express របស់ប្រទេសអ៊ុយក្រែន។

៥៖ ប្រទេស ស៊ីរី ដើមចម​ដែលនាំ​ឲ្យ​ប្រទេស​មួយនេះ​​រងគ្រោះ ដោយសង្គ្រាមស៊ីវិល​ដែលសម្លាប់មនុស្ស​សរុបរហូតទៅដល់ ៤៧ម៉ឺននាក់ និង​ជាច្រើនលាននាក់ទៀត​កំពុង​រត់ភៀសខ្លួនទៅ​ប្រទេសដទៃដើម្បី​គេចពីសេចក្តីស្លាប់​​ គឺកើតឡើងដំបូងនៅឆ្នាំ​២០១១ ដោយរូបភាពនៃការប្រមូលផ្តុំគ្នា​ធ្វើបាតុកម្ម​ទាមទារសន្តិភាព។ បាតុកម្មនោះ​បានប្រែក្លាយ​ទៅជាបាតុកម្មហឹង្សា កន្លែងខ្លះ​បាតុករ​មានអាវុធ​បាញ់តទល់​នឹងសមត្ថកិច្ច​ ដែលចុងបញ្ចប់​ឈានទៅដល់​បង្កើត​ក្រុមឧទ្ទាមជាច្រើនដូចជា ក្រុម Isis ក្រុម​ Hezbola ក្រុម Kurds និងក្រុមឧទ្ទាមផ្សេងទៀត វាយប្រហារគ្នាទៅវិញទៅមក ដណ្តើម​អំណាច​នៅ​ក្នុង​ប្រទេសមួយនេះ​។

ប្រទេស​​រងគ្រោះដោយសារបដិវត្តពណ៌​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​មេ​ក្លោង​នៃ​ចលនាបះបោរ​​ប្រើ​ប្រាស់​ហេតុផល​​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ និងសេរីភាព ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​​​ចូលរួមឲ្យ​បាន​ច្រើន​ បន្ទាប់មក​​រុញ្ញចលនានេះឲ្យក្លាយទៅជាបដិវត្តពណ៌ ដើម្បី​សម្រេច​គោលបំណងពិតនៅពីក្រោយខ្នងគឺ​​ផ្លាសប្តូររបប និងផ្លាស់ប្តូរមេដឹកនាំ​ នៅក្នុងប្រទេសនោះ ដែលកន្លងមក​មានដូចជា លោក សាដាម ហ៊ូសេន លោក​ អាសាធ លោក ហ្គាដាហ្វី ជាដើមដូចបានរៀបរាប់ខាងលើ​។ តែជាលទ្ធផល​ គឺបណ្តាប្រទេសទាំងនោះ​កំពុងរងនូវទុក្ខវេទនាជាទីបំផុត ជាពិសេសប្រជា​ពលរដ្ឋ​នៅក្នុងប្រទេសទាំងនោះផ្ទាល់។​​​

ភស្តុតាងនៃ​សេចក្តីវិនាសខ្លោចផ្សារនៃប្រទេសទាំងនោះ​ ត្រូវបានបង្ហាញ​តាម​វីដេអូមួយចំនួនដែលធ្វើឲ្យ​ពិភពលោកមិនអាចទប់ទឹកភ្នែកបាន ដែលមានដូចជា ​​រូបភាព​ក្មេង​ប្រុស​ម្នាក់ ​ដែល​ត្រូវ​បាន​ជួយ​​សង្គ្រោះ​​ពី​គំនរអគារបាក់បែកបណ្តាលមកពីការបំផ្ទុះ​គ្រាប់បែកនៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅទូទាំង​ពិភពលោក​ មាន ការអាណិតអាសូរយ៉ាងខ្លាំង។ វីដេអូមួយទៀត​ដែលគ្រូពេទ្យ​បានវះយក​ទារក​ពី​ម្តាយដែលបាន​ស្លាប់​បណ្តាល​មក​ពី​ការបំផ្ទុះគ្រាប់បែក​ ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ជួយសង្គ្រោះ​ទារក​នោះ​រហូត​បាន​ដឹងខ្លួន គឺបាន​បង្ហាញ​ពី​ទុក្ខ​វេទនា​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ដែលមានបដិវត្តពណ៌​។

វីដេអូមួយទៀតគឺក្មេងប្រុសជនជាតិស៊ីរីអាយុ៣ឆ្នាំ ​ត្រូវ​បាន​គេរកឃើញ​ស្លាប់​​អណ្តែតមកទើ នឹងឆ្នេសមុទ្រប្រទេសតួកគី ព្រោះតែលិចទូកដែលពួកគេជិះ​ភៀសខ្លួន បានបង្ហាញ​ឲ្យ​ពិភ​ពលោក​ឃើញថា​ បដិវត្តពណ៌​ពិត​ជា​ឃាតករយ៉ាងពិតប្រាកដ។ បើឃើញពីទុក្ខវេទនាយ៉ាងនេះទៅហើយ ហេតុអ្វី​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែគគ្លើន​ហ៊ាន​ប្រកាស​ខ្លួនចូលរួមបដិវត្តពណ៌ខ្មៅ Black Monday យ៉ាងដូច្នេះ? ឬក៏ពួកគេ​ព្រោះតែចង់បានអំណាច​ចង់ឲ្យប្រទេសកម្ពុជា​ ដែលទើបតែងើប រួចផុតពីសង្គ្រាម​ខំប្រឹងអភិវឌ្ឈយ៉ាងលំបាករហូតរីកចំរើន​ មានថ្ងៃនេះ ចូលទៅក្នុងភ្លើង​សង្គ្រាមម្តងទៀតឬអ្វី​? ទង្វើរបស់បក្ស​ប្រឆាំង​ដែ ​ញុះញង់បញ្ចុះបញ្ចូល ឲ្យប្រជាពលរដ្ឋ​ចូលរួម​យុទ្ធនាការអាវខ្មៅ ដែលជាលេសនៃការផ្លាស់ប្តូរ​របបនេះ ពិតជាមិនអាចអត់ឱន​ឱ្យបានឡើយ​ ព្រោះជាទង្វើបំផ្លាញជាតិឲ្យរលាយ។ ការ​មិន​អាច​អត់​ឱន​ឲ្យ​បាន​អាចជា​ជា​គំនិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើនលាន​នាក់​។

ដូចគ្នានេះដែរ​ ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កំពុង​ដឹកនាំប្រទេស​ក្នុងរបប​​ប្រជាធិបតេយ្យសេរីពហុបក្ស​ ប្តេ​ជ្ញាជាដាច់ខាត​ក្នុងការគោរព​រដ្ឋធម្មនុញ្ញ ការពារសន្តិភាព​ ស្ថិរភាព ជូនប្រទេស និង​ប្រជាពលរដ្ឋ​​កម្ពុជា។ ការប្រកាស​​ប្រឆាំង​នឹង​បដិវត្ត​ពណ៌​ខ្មៅនៅ​កម្ពុជា ​របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាត្រឹមត្រូវ​ខ្លាំងណាស់​ បើមើលទៅលើបទពិសោធន៍ហិនហោច​នៃ​ប្រទេស​ដែលធ្លាប់ឆ្លងកាត់​បដិវត្ត​ពណ៌នេះ។ សូម​បក្ស​ប្រឆាំង​ឈប់ធ្វើ​ពើមិនដឹងអំពីវិនាសកម្មដែលកើតឡើង ពីបដិវត្តពណ៌នេះ ហើយកុំចង់តែបានអំណាច​ហ៊ានធ្វើអ្វីៗគ្រប់សព្វបែបយ៉ាង​សូម្បីតែបំផ្លាញ​ប្រទេសខ្លួនឯងក៏​ហ៊ាន​ប្រព្រឹត្ត​ដែរ​នោះ គឺ​ជា​អំពើ​ឧក្រិដ្ឋ​ ទោស​ក្បត់​ជាតិ​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ជា​ដាច់​ខាត​៕​

អត្ថបទដោយ៖ បាន វិភាគ​