(កណ្តាល)៖ សាលានាយទាហានសកម្ម (ត្មាតពង) នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៤)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ព្រមទាំងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអង្គភាពជាច្រើនផងដែរ។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានបញ្ជាក់ពីគោលបំណងនៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ និងរម្លឹកឡើងវិញនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជា។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានឱ្យដឹងថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា បង្ហាញឱ្យឃើញនូវសមត្ថភាព និងកាយសម្បទា រួបរួមកម្លាំង រឹតចំណងមិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ និងបានបង្កើនថាមពលកាយសម្បទាឱ្យបានរឹងមាំខ្លាំងក្លា ស្មារតីរឹងប៉ឹងមោះមុតដល់យោធិន។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានបន្តថា កម្មវិធីប្រកួតកីឡាកងយោធពលេមរភូមិន្ទ មានវិញ្ញាសារចំនួនន៧វិញ្ញាសារ រួមមានរត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ, រត់សែងហ្រ្វង់ការទម្ងន់ ៥០គីឡូក្រាម, រត់ឆ្លងកាត់ឧបសគ្គ, បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក, អូសរុញរថយន្តយោធាទម្ងន់ ៧តោន ចម្ងាយ ៧០០ម៉ែត្រ, ហែលទឹកចម្ងាយ ២០០ម៉ែត្រ, និងក្បាច់គុនកងយោធពលខេមរភូមិន្ទដោយមានការចូលរួមពី ១៤ស្ថាប័ន៕