(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើមជាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមរហូតទទួលបានជោគជ័យនាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សូមសម្ដែងការដឹងគុណកតញ្ញុតាធម៌ ចំពោះវីរយុទ្ធជនខ្មែរនិងសូមចូលរួមអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ។

ទិវា ៧មករានេះ កើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ពីការតស៊ូ ពីពលិកម្មដ៏ក្លាហាន និងការយកជីវិតជាដើមទុនរបស់អតីតយុវជនកម្ពុជា ដើម្បីក្រោកឡើងតស៊ូរំដោះ និងសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីនរកអវិចី នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វីរជនដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ បានរក្សាជំហររបស់ខ្លួនយ៉ាងមុតមាំ ក្នុងការស្វែងរក និងរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសុភមង្គលជូនសង្គមជាតិរហូតកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃ «នយោបាយ ឈ្នះឈ្នះ» ក្នុងឆ្នាំ១៩៩៨ ដែលជាការផ្តល់ឱកាសដ៏ធំធេងចំពោះប្រជាជនខ្មែរគ្រប់និន្នាការ ក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមដោយសម្រេចសមិទ្ធផលជាច្រើន រហូតដល់បច្ចុប្បន្ន និងតទៅពេលអនាគត។

ខួបលើកទី៤៥ ក្នុងនាមយុវជនកម្ពុជាជំនាន់ក្រោយដែលយល់ច្បាស់ពីសច្ចធម៌ប្រវត្តិសាស្ត្រ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម យើងខ្ញុំសូមឆ្លៀតឱកាសក្នុងការកោតសរសើរអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានងើបពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតសម្រេចបានសមិទ្ធផលគ្រប់វិស័យក្នុងរយៈពេល ៤៥ឆ្នាំមកនេះ។

ដើម្បីបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា សូមប្តេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថា កម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕