(ព្រៃវែង)៖ កម្លាំងអន្តរាគមន៍នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ នៅថ្ងៃទី៦ខែមករាឆ្នាំ២០២៤ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលាចំនួន៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។

ជាមួយគ្នានោះដែរក៏មានការចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ។

ព្យាបាលសិស្សានុសិស្សដែលគេច សាលាក៏បានថ្លែងអំណរគុណដល់នគរបាលខេត្តព្រៃវែង ដែលបានចូលរួមសហការហៅកូនរបស់ខ្លួនដែលគេចសាលា មកធ្វើការអប់រំនាពេលនេះ កុំឲ្យមានការពពាក់ពពូនគេចសាលាបន្តទៀត ហើយក្នុងនាមអាណាព្យាបាលសិស្សនិងបន្តចូលរួមសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឲ្យកូនរបស់ខ្លួន កែប្រែ ខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយចំណេះនឹងជំនាញពិតប្រាកដ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បើសមត្ថកិច្ចមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការ​សិក្សាចោល​ ដោយ​សារ​រៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្ន មានការកែប្រែ អាប់ដេតច្រើន ទាមទារឲ្យសិស្សសិក្សាស្រាវជ្រាវឲ្យបានច្រើនជាងមុនផងដែរ។ 

សមត្ថកិច្ចបានបន្តថា ក្មេងៗដែលពពាក់ពពូនជុំៗគ្នាបែបនេះ មិនយូរទេនឹងបង្កើតជាក្រុមបងធំ​បងតូច​ប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម ដូច្នេះក្នុងនាមសមត្ថកិច្ចសូមសំណូមពរដល់អាណាព្យាបាលទាំងអស់របស់សិស្ស ត្រូវតាមដានការសិក្សារបស់កូនឲ្យបានត្រឹមត្រូវនិងអប់រំណែនាំកូនៗកុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗត្រូវខិតខំរៀនសូត្រជាពិសេសកុំគេចសាលាឲ្យសោះដែលនាំឲ្យខាតពេលវេលាក្នុងការសិក្សានិងអាចប្រព្រឹត្តអំពើមិនគប្បីណាមួយផងដែរ៕

.