(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានប្រារព្ធពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា នៅបរិវេណសាលាខេត្តស្វាយរៀង ដែលចូលរួមពីមន្ត្រីពាក់ព័ន្ធលោកគ្រូ អ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ៤,០០០នាក់។

លោក ប៉េង ពោធិ៍សា បានអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានខ្លឹមសារថា អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀងត្រូវបានរំដោះនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដ៏រាប។

ជាមួយគ្នានេះ ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃ​ គឺបានបញ្ជាក់ឲ្យឃើញថា ៤៥ឆ្នាំកន្លងផុតទៅក៏ពិតមែន កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផលដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។ ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។

ក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្តបានចែកអំណោយជូនដល់និវត្តន៍ជនចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានឃីតមួយ​ និងថវិកា១០ម៉ឺនរៀល៕